៥ខែ ឆ្នាំ២០២២ ការនាំចេញផលនេសាទរបស់កម្ពុជា មានជាង ១.២ពាន់តោន ថយចុះជាង ១១ភាគរយ

ភ្នំពេញ៖ រយៈពេល ០៥ខែ ឆ្នាំ២០២២ ការនាំចេញផលនេសាទស្រស់របស់កម្ពុជាសរុបមានចំនួន ១,២៩១ តោន ថយចុះជាង ១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមរបាយការណ៍បឋមរបស់រដ្ឋបាលជលផល ការនាំចេញផលនេសាទទឹកសាប និងទឹកប្រៃចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ មានបរិមាណសរុប ១,២៩១តោន ថយចុះ ១៧២តោន ស្មើនឹង ១១,៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ និងស្មើនឹង ១២,៩១ភាគរយនៃផែនការដែលបានកំណត់ ១០,០០០តោន។ ក្នុងនោះដែរ ចំពោះបរិមាណនាំចេញសរុបនេះ គិតជាទឹកប្រាក់មានតម្លៃសរុបជិត ៣៩លានដុល្លារ។

លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មូលហេតុការនាំចេញផលនេសាទថយចុះ គឺដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស។ លោកថា ផលនេសាទនាំចេញភាគច្រើនជាផលនេសាទទឹកសាប និងជាប្រភេទត្រីធម្មជាតិ ខណៈត្រីចិញ្ចឹមមានតិចតួច។ កតា្តធម្មជាតិគឺពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរអាកាសធាតុ រីឯកត្តាមនុស្ស សំដៅការកើនឡើងនៃចំនួនប្រជាជន និងបទល្មើស។

លោកបន្តថា ត្រីដែលយើងនាំចេញភាគច្រើនជាប្រភេទត្រីកែស ត្រីរ៉ស់ ដោយនាំទៅវៀតណាម និងថៃជាដើម។ ពីមុនមាននាំទៅចិនខ្លះដែរ តែដោយសារជំងឺកូវីដ១៩ផ្ទុះឡើងវិញនៅប្រទេសចិន យើងក៏ផ្អាកសិន។ ក្រៅពីត្រីធម្មជាតិ យើងក៏មាននាំចេញត្រីចិញ្ចឹមតាមបែបវារីវប្បកម្មខ្លះដែរ តែតិចតួចនៅឡើយ។

យើងរំពឹងថា ការនាំចេញត្រីទៅក្រៅប្រទេសនឹងអាចមានកំណើនឡើងវិញ ពិសេសបន្ទាប់ពីយើងទទួលបានភ្លើងបៃតងពីអគ្គរដ្ឋបាលគយចិនក្នុងការនាំចេញសាកល្បង (ត្រីប្រា) នៅចុងខែមិថុនាខាងមុខ។ លោកបន្ថែមថា អគ្គរដ្ឋបាលជលផលកំពុងធ្វើការផ្សព្វផ្សាយបន្ថែមលើការចិញ្ចឹមត្រីប្រានេះ ដោយធ្វើយ៉ាងណាឱ្យវារីវប្បករចិញ្ចឹមតាមលក្ខខណ្ឌតម្រូវ។

យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កាលពីឆ្នាំ ២០២១ ការនាំចេញផលនេសាទស្រស់ មានចំនួន ២,៩១៦តោន ស្មើនឹង ៣៦,៤៥ភាគរយនៃផែនការចំនួន ៨,០០០តោន និងកើនឡើងចំនួន ៩៧១តោន ខណៈផលនេសាទកែច្នៃរួចនាំចេញបានចំនួន ១៥០តោន ស្មើនឹង ៧,៥០ភាគរយនៃផែនការចំនួន ២,០០០តោន និងថយចុះចំនួន ៨៤តោន បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ដោយ៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner