ប្រធានមន្ទីរកសិកម្មខេត្តកំពត៖ ជារៀងរាល់ឆ្នាំក្នុងអំឡុងខែឧសភា តម្លៃធុរេនតែងតែធ្លាក់ចុះជាងដើមរដូវ

កំពត៖ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា តម្លៃទុរេនតែងតែប្រែប្រួលនៅខែដើមរដូវ និងចុងរដូវ។ លោកថា ជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែឧសភា តម្លៃទុរេនធ្លាក់ចុះជាងដើមរដូវ ដោយសារតែជារដូវជន់ជោរ ដោយបច្ចុប្បន្ននេះក្នុងមួយគីឡូក្រាមលក់បានត្រឹមតែ២ម៉ឺនរៀល ឬលើសនេះបន្តិច ខណៈដែលការប្រមូលដើមដៃវិញ អាចលក់បានរហូតដល់ជាង ៣០,០០០រៀលក្នុងមួយគីឡូ។

លោកបន្តថា ទុរេនតម្លៃពីមុនផ្សេង ឥឡូវផ្សេងចុះមកត្រឹម២ម៉ឺន ឬលើសពី២ម៉ឺនរៀលតិចតួចតាមប្រភេទវា។ ជារៀងរាល់ឆ្នាំឱ្យតែចុងខែ៥ វាមានស្រុះគ្នា វារៀងជន់ជោរបន្តិច តែបើដើមរដូវថ្លៃមួយគីឡូ៣០,០០០ជាង ២០,០០០ ជាពិសេសទុរេនមូនថង បន្ទាប់មកឪខាក់ បន្ទាប់សន្តង់កិត។

ដោយឡែក បើតាមលោក តេង វ៉ាន់ធឿន មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពត ជាទូទៅទុរេនខេត្តកំពតចាប់ផ្តើមប្រមូលផលបណ្តើរៗពីខែមីនា រហូតដល់ខែកក្កដា ហើយរដូវដែលសំបូរខ្លាំង គឺពីខែឧសភា រហូតដល់ខែមិថុនា។

លោកថា នៅដើមរដូវទុរេនកំពតឆ្នាំនេះ អាចលក់បានមធ្យមក្នុងតម្លៃ៣២,០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទសន្តង់កិត, ឱខាក់ ៣៥,០០០រៀលក្នុងមួយគីឡូក្រាម និងមូនថង ៤០,០០០រៀលក្នុងមួយគីឡូក្រាម។ លោក វ៉ាន់ធឿន បន្ថែមថា ស្របពេលដែលមានការបើកទូនៅតាមព្រំដែនប្រទេសជិតខាង ទុរេនកំពតត្រូវប្រកួតប្រជែងខ្លាំងជាមួយទុរេននាំចូលពីថៃ និងវៀតណាម ដែលមានតម្លៃធូថ្លៃជាងទុរេនកំពត។

តែយ៉ាងណា ហាក់មិនប៉ះពាល់ដល់ទីផ្សារទុរេនកំពតខ្លាំងនោះទេ ព្រោះទុរេនក្នុងស្រុកមានគុណភាព និងរសជាតិ ល្អជាង។ លោកបារម្ភថា មានឈ្មួញមួយចំនួនតូចលួចបន្លំទុរេនកំពត លក់ឱ្យអតិថិជន ដែលធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត។

យោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តកំពតមានផ្ទៃដីទុរេនចំនួន ១,០៥៥ហិកតា ថយចុះ៥ហិកតា បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន១,០៦០ហិកតា។ ក្នុងនោះផ្ទៃដីប្រមូលផលក្នុងឆ្នាំ២០២១ មានចំនួន៨៦៧ហិកតា (ទិន្នផលទទួលបាន ១៥តោនក្នុងមួយហិកតា) ទទួលបរិមាណផលចំនួន ១៣,១៧០តោន៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner