ឯកឧត្តម ប៊ូ ជុំសេរី ៖ ស្នើឲ្យគ្រឹះស្ថានសិក្សា ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ យុត្តិធម៌ និងតម្លាភាព ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២២

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។


លោក ហ៊ួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំការប្រកួត និងគ្រប់គ្រងព្រឹត្តការណ៍កីឡា បានអោយដឹងថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សាឆ្នាំនេះ មាន១២ប្រភេទកីឡារួមមាន៖ បាល់ទះ បាល់ទាត់ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ ITF តេក្វាន់ដូ WT ការ៉ាតេ និងសីដក់ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានវិញ្ញាសាសរុបចំនួន៩២ ។

រីឯគោលបំណងចម្បងនៃការប្រកួតនេះ គឺសំដៅដល់ប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជាមហាជន សិស្សានុសិស្ស ដែលស្រឡាញ់វិស័យកីឡាឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗ នៅក្នុងសង្គម។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនីដែលមានកម្រិតខ្ពស់ អាចឈានដល់ការចូល រួមប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានស្នើឲ្យមន្ត្រីគណៈកម្មការ ប្រតិភូកីឡាចូលរួម និងសហព័ន្ធកីឡាជាតិទាំង១២សហព័ន្ធ ដែលជាម្ចាស់នៃការប្រកួតប្រភេទកីឡានីមួយគប្បីប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជាការតេស្តសមត្ថភាពគ្រប់ទម្រង់ទាំងអស់ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយកកីឡា ក៏បានបញ្ជាក់ដែរថា យើងនៅសល់ព្រឹត្តិការណ៍កីឡាជាតិ មួយទៀត នាចុងឆ្នាំ២០២២នេះ ដើម្បីជាការវាស់ស្ទង់ ឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចគ្នាផងដែរ ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានស្នើឲ្យ គណកម្មការបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម និងគ្រឹះស្ថានអប់រំសិក្សាដែលចូលរួមទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ យុត្តិធម៌ និងតម្លាភាព មិនកេងកន្លំអាយុ អត្តសញ្ញាណឬសមាសភាពកីឡាករ កីឡាការិនី ជៀសវាងប៉ះពាល់ដល់សតិអារម្មណ៍ និងកិត្តិយសគ្រឹះស្ថានរបស់ខ្លួន បើឈ្នះៗដោយកិត្តិយស បើចាញ់គឺត្រូវទទួលយក ហើយបន្តប្រឹងប្រែងឆ្នាំក្រោយៗទៀត ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បន្តថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកព្រឹត្តការណ៍នេះ កសាងនូវសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ ដើម្បីត្រៀមការប្រកួត និងការរៀបចំនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិប្រកបដោយសក្តានុពល ដូចជាកីឡាករ កីឡាការិនី គណកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម មន្រ្តីសហព័ន្ធកីឡាជាតិទាំង១២ ឆ្ពោះទៅប្រកួត និងរៀបចំកីឡាជាតិ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner