ឯកឧត្តម នេត សាវឿន៖ បានជម្រុញឲ្យសហព័ន្ធបង្កើតក្រុមបាល់ទះជម្រើសជាតិនារី ត្រៀមស៊ីហ្គេម ២០២៣ បន្ទាប់ក្រុមបាល់ទះបុរស ឈ្នះមេដាយសំរិទ្ធ ស៊ីហ្គេម នៅវៀតណាម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញផ្តល់ការលើកទឹកចិត្តជូនដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្ទាប់ពីដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្តែងនូវក្តីរីករាយជាខ្លាំង ដែលក្រុមបាល់ទះកម្ពុជាដណ្តើមបានមេដាយជាប្រវត្តិដំបូងជូនជាតិ ។ ឯកឧត្តម ចាត់ទុកថា ក្នុងនាមប្រធានសហព័ន្ធផង ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងក្នុងនាមប្រជាពលរដ្ឋខ្មែរសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ក្រុមបាល់ទះកម្ពុជា ដែលដណ្តើមបានកិត្តិយសដ៏ធំធេងជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២២នេះ។

ឯកឧត្តម នេត សាវឿន ចាត់ទុកថានេះគឺជាជោគជ័យដ៏ធំមួយ និងជាជំហានទី១ ក្នុងប្រវត្តិសាស្ត្រចូលរួមប្រកួតកីឡាស៊ីហ្គេម នាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញឲ្យក្រុមជំនាញបច្ចេកទេសសហព័ន្ធរៀបចំពង្រឹងក្រុមបាល់ទះបុរសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺកំណត់ជាគោលការណ៍បង្កើតឲ្យមានក្រុមបាល់ទះនារីផងដែរ សម្រាប់ត្រៀមលក្ខណៈរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ឯកឧត្តមសង្កត់ធ្ងន់ថា ក្រុមបាល់ទះជម្រើសជាតិនារីត្រូវរៀបចំបង្កើតឲ្យបានភ្លាមៗ និងទាន់ពេលវេលា ដើម្បីត្រៀមប្រកួត ស៊ីហ្គេម ២០២៣ ដោយថ្នាក់ដឹកនាំសហព័ន្ធនឹងផ្តល់ការគាំទ្រគ្រប់បែបយ៉ាងទាំងអស់ ដើម្បីរួមគ្នារៀបចំឲ្យបានក្រុមបាល់ទះនារីឲ្យទាន់ពេលវេលាផងដែរ ខណៈទីលានក៏ត្រូវបានជំរុញឲ្យរៀបចំភ្លាមៗដូចគ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តរួមគ្នា ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងមន្ត្រីបច្ចេកទេស ដើម្បីបន្តការកសាងវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ប្រកបដោយក្តីសង្ឃឹម និងជឿជាក់ផងដែរ។

គួររំឭកថា ក្រុមបាល់ទះកម្ពុជា ដែលដណ្តើមបានមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅក្រុងហាណូយ ប្រទេសវៀតណាមនេះ គឺក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ៨ជំនាក់ នៅក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៣សិតទល់២សិត៕ ចាន់ វិចិត្រ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner