កសិករធ្វើស្រូវត្រយងលក់បានតម្លៃខ្ពស់និងពិសេសបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ

ព្រះវិហារ៖ការអនុវត្តនូវគម្រោងដាំដុះ ស្រូវ ត្រយង ឬស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ របស់អង្គការសមាគមអភិរក្សសត្វព្រៃឬហៅថា WCS ខេត្តព្រះវិហារ បានទទួលការចាប់អារម្មណ៍ពី ប្រជាកសិករកាន់តែ ច្រើន ដោយសារវាជាប្រភេទស្រូវងាយរកទីផ្សារ និងការលក់បានតម្លៃ ខ្ពស់ ឆ្លើយតបទៅនឹងការចង់បានរបស់ពួកគាត់។

ទន្ទឹមគ្នានេះការដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះក៏បានចូលរួម អភិរក្ស ពពួកសត្វត្រយងយក្ស ដែលកំពុងជិតផុតពូជនិងកំពុងទទួលរង ការគំរាមកំហែង ។ ក្រៅពីនេះវាក៏ជា គំរូមួយ រួមចំណែក ជាមួយ ក្រសួងបរិស្ថាន ក្នុងការការពារ ធនធានធម្មជាតិ និង អភិរក្ស ជីវៈចម្រុះ នៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងពិធី បើក « យុទ្ធនាការអន្ទាក់សូន្យ » នៅក្នុងអនុវិទ្យាល័យ ត្មាត ប៉ើយ ភូមិ ត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពី ពេលកន្លងទៅ ថ្មីៗមកនេះថា ការអនុវត្តគម្រោងស្រូវត្រយង មានគោលការណ៍ជា សំខាន់ចំនួនបួន។ ទីមួយ ការដាំដុះស្រូវប្រភេទនេះ កសិករមិនត្រូវប្រើ ប្រាស់ជីគីមី។ ទីពីរ មិនត្រូវពង្រីកផ្ទៃដីដាំដុះ ដោយទន្ទ្រានទៅលើដី ព្រៃធម្មជាតិ។ ទីបី មិនត្រូវកាប់បំផ្លាញព្រៃឈើនោះទេ និងទីបួន គឺ ការ មិនបរបាញ់សត្វនិងដាក់អន្ទាក់។

ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកដែរថាស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកទៅកាន់តំបន់ ការពារ ធនធានធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុង នេះដូច ជាមានការពង្រីកពីខេត្តព្រះវិហារ ទៅស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគីរី ជាដើម។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា ហៅកាត់ថា WCS លើកឡើងថា បច្ចុប្បន្ន គម្រោងស្រូវមិត្តភាព សង្គ្រោះ សត្វព្រៃ ឬស្រូវត្រយង ត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ សំខាន់ៗ ដូចជា អាល្លឺម៉ង់ កាណាដា អង់គ្លេស។ហេតុនេះការអនុវត្ត គម្រោងស្រូវត្រយង ឬស្រូវមិត្តភាពសង្គ្រោះសត្វព្រៃកម្ពុជា គឺជា មោទនភាពរបស់ខេត្តព្រះវិហារ និងជាមុខមាត់របស់កម្ពុជា ដែលមាន ប្រមុខរដ្ឋាភិបាលកម្ពុជាដឹកនាំ។កម្ពុជា មានមុខមាត់នៅលើឆាកអន្តរជាតិ សំខាន់ៗ។

លោកប្រធានអង្គការ WCS រូបនេះ បន្តថា ខេត្តព្រះវិហារ គឺជាខេត្ត គោលដៅទីមួយដែលចាប់ផ្ដើមដំណើរការដាំស្រូវត្រយង នៅក្នុងឆ្នាំ ២០០៥ ឬអាចនិយាយបានថា ខេត្តភាគលិចមួយនេះ គឺជាខេត្តដើម កំណើតនៃស្រូវត្រយង។ កសិករដែលចូលរួមសហការ ក្នុងការដាំស្រូវ ត្រយង ទទួលបានការប្រឹក្សាបច្ចេកទេសដាំដុះ និងប្រមូលផល ខណៈ តម្លៃ របស់ស្រូវប្រភេទនេះ ថ្លៃលើសស្រូវធម្មតា។ ចំណែកឯតម្រូវការ ទីផ្សារវិញមានច្រើន និងតម្លៃក៏ខ្ពស់ផងដែរ។

លោកទេព កែម ទំទប់ទី១នៃឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឱ្យដឹង ពាក់ព័ន្ធទៅនឹង ការអនុវត្តដាំស្រូវត្រយងប្រជាសហគមន៍ ត្រូវធ្វើ ឱ្យស្របតាមលក្ខន្តិករបស់អង្គការបានកំណត់ ។ការដាំស្រូវ ប្រភេទ នេះអាច ទទួលបានការលើកស្ទួយជីវភាព និងអាចថែរក្សាបាននូវ ធនធាន ធម្មជាតិ និងសត្វព្រៃ។

លោកបានបញ្ជាក់បន្ថែមថា ចំពោះអត្ថប្រយោជន៍របស់ស្រូវត្រយង មាន សារសំខាន់ណាស់ដល់ប្រជាពលរដ្ឋ។ ទីមួយ មានតម្លៃខ្ពស់ ប្រជាពល រដ្ឋ អាច រកចំណូលលើកពីការធ្វើស្រូវធម្មតា។ ទីពីរ អាចរក្សាសត្វព្រៃ បាន ដើម្បីជាប្រយោជន៍រួមដល់ប្រជាសហគមន៍ទៀតផង។

គួរបញ្ជាក់ថាក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ ចំពោះការអនុវត្ដ គម្រោងនេះដែលបានប្រើប្រាស់ខ្សែច្រវាក់ផ្គត់ផ្គង់មាននិរន្តរភាពគាំទ្រការអភិរក្សការពារសត្វព្រៃ ព្រៃឈើ និងកាត់បន្ថយភាពក្រីក្រយ៉ាង មាន ប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។

គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្ស ជា ពិសេស អភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកស ដែលកំពុងជិតផុត ពូជនៅលើពិភពលោក។ ក្រៅពីនេះគម្រោងស្រូវត្រយង បានរួមចំណែក ក្នុងការការពារធនធានធម្មជាតិនឹងអភិរក្សជីវចម្រុះនៅកម្ពុជាទៀតផង៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner