ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងពី កត្តាជោគជ័យ​នៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ (រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២) បានលើកឡើងពី កត្តាជោគជ័យនៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងនោះឯកឧត្តម ៖

១. សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នាទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ហើយស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈប្រកបដោយភាពសប្បាយរីករាយ ដោយខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីឆ្នាំ២០២១ កន្លងទៅ ខណៈនៅពេលនោះកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសរាជធានីភ្នំពេញ ដែលត្រូវបានញាំញីដោយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាទីតាំងដែលមានភាពស្មុគ្រស្មាញ និងសភាពឆ្លងធ្ងន់ធ្ងរ នាំឱ្យមានការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល និងការជួយសង្គ្រោះជាងតាមបណ្តាខេត្តនានា។ ភាពជោគជ័យនេះបាននាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ យ៉ាងណាក៏ដោយ ខណៈដែលជំងឺកូវីដ-១៩ មិនទាន់សាបរលាបទាំងស្រុងនៅឡើយ យើងក៏នៅបន្តត្រៀមខ្លួនឆ្លើយតបនឹងសភាពការណ៍ និងអនុវត្តនូវរាល់វិធានការពារខ្លួននៅក្នុងរស់នៅប្រចាំថ្ងៃ ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីការពារខ្លួនពីជំងឺនេះ។

២. កត្តាជោគជ័យនៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកដោយកត្តា ០២ យ៉ាង៖ ទី១. ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំកំពូល គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយតម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត។ សម្តេច មានចក្ខុវិស័យវែងឆ្ងាយ ហើយបានប្រមើលមើលតាំងតែពីដើមដំបូងនៃស្ថានការណ៍រីករាលដាលនៃជំងឺនេះ ដោយបានកំណត់ទុកថា មានតែការចាក់ថ្នាំវ៉ាក់សំាងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការរីករាលដាលបាន។ ដំបូងទ្បើយ កម្ពុជាពុំទាន់មានការឆ្លងរីករាលដាលក្នុងសហគមន៍នោះទេ ដោយនៅពេលនោះ សម្តេចតេជោ បានកំណត់យកជាដំណាក់កាលទី១ គឺការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ដោយបានអនុវត្តវិធានការតាមស្វែងរកអ្នកប៉ះពាល់ ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស ទន្ទឹមនឹងការអនុវត្តវិធាននៃការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាការពារសុខភាពរបស់ប្រជាពលរដ្ឋ និងប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ច-សង្គម។ ដំណាក់កាលទី២ កើតមានទ្បើងបន្ទាប់ពីមានការរីករាលដាលចូលក្នុងសហគមន៍ ដូច្នេះ សម្តេចតេជោ បានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអទិភាពចម្បងបំផុត និងបានសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការប្រមូលកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមនៅក្នុងការរៀបចំមណ្ឌលព្យាបាល មណ្ឌលចត្តាទ្បីស័ក ការបិទខ្ទប់ និងការងារពាក់ព័ន្ធនានា។ ដំណាក់កាលទី៣ កើតមានបន្ទាប់ពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ សម្តេចតេជោ បានសម្រេចចិត្តយ៉ាងរហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកបច្ចេសទេស ដើម្បីជ្រើសរើសយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។

ទី២៖ មានការចូលរួមពីសំណាក់ប្រតិបត្តិករនានា ជាអាទិ៍ កងទ័ពអាវសនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ជាមួយមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ រួមជាមួយនឹងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយបានសស្រាក់សស្រាំរួមគ្នាជាកម្លាំងមហាសាមគ្គីក្នុងបំពេញគ្រប់ភារកិច្ចដោយមិនខ្លាចនាយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

៣. អាជីពជាបុគ្គលិកសុខាភិបាល មានគុណតម្លៃឧត្តុង្គឧត្តមថ្លៃថ្នូរសម្រាប់សង្គមជាតិ ឬអាចនិយាយម្យ៉ាងទៀតថាជាអជីពតំណាងឱ្យព្រះអាទិទេពក្នុងការជួយសង្រ្គោះជីវិតមនុស្សឱ្យរួចផុតពីជំងឺដង្កាត់ និងគ្រោះភ័យផ្នែកសុខភាពនានា នាំមកនូវការជួបជុំត្រេកអរសប្បាយរីករាយ និងសុភមង្គលក្នុងសង្គមគ្រួសារនីមួយៗ។ ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។ ជាលទ្ធផល កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងនោះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ រួមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលនៅគ្រប់កម្រិត។ ជាក់ស្តែង កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនគួរឱ្យកត់សំគាល់ ដែលក្នុងនោះមានគោលដៅចំនួន ០៤ ត្រូវបានសម្រេចមុនកាលបរិច្ឆេទកំណត់ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner