ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញៈ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានទទួលនូវសមិទ្ធផលដ៏ អស្ចារ្យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាបានបើកដំណើរការពេញលេញឡើងវិញ។ ជាពិសេសក្នុងរយៈកាលថ្មីៗនេះ មិនមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើយ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ។
ឯកឧត្តមបានកត់សម្គាល់ថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ គឺជាពេលវាលាដ៏លំបាកសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរអាស្រ័យដោយពិភពលោកបានជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈបេកសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២។ សម្តេចបានសម្តែងនូវការអបអរសាទរដ៏ក្លៀវក្លាជាមួយនឹងប្រជាជន រដ្ឋាភិបាល សភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឈានចូលខួបលើកទី៧០ឆ្នាំ។ សម្តេចបានប្រសិទ្ធពរឱ្យចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរស្ថិតស្ថេរចីរកាល។
សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីរ ព្រឹទ្ធសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ ព្រឹទ្ធសភាទាំងពីរបានគាំទ្រគ្នាជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេសសហភាពអន្តរសភា (IPU) និងសភាតំបន់អាស៊ី (APA)។
សម្តេចប្រធានព្រឹទ្ធសភាបានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ បានឈានទៅដល់ការចុះហត្ថលេខាបន្តលើអនុស្សរណៈយោគយល់គ្នារយៈពេលប្រាំឆ្នាំបន្តទៀត ពីព្រោះអនុស្សរណៈនៃការយោគយល់គ្នា ដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ បានចុះហត្ថលេខានាពេលកន្លងទៅ បានផុតសុពលភាពហើយ។
សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតជ្រាបផងដែរថា ក្នុងឆ្នាំ២០២២ នេះ សភាកម្ពុជាធ្វើជាប្រធានប្តូរវេនមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ។ ក្នុងនាមសភាកម្ពុជា សម្តេចបានអញ្ជើញសភាប៉ាគីស្ថាន ដែលជាសមាជិកសង្កេតការណ៍របស់ AIPA ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ សម្តេចមានជំនឿថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមនឹងជួយជំរុញឱ្យការវិនិយោគពីប៉ាគីស្ថានមកកម្ពុជាឱ្យបានកាន់តែច្រើន និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍រវាងប៉ាគីស្ថាន-កម្ពុជា ឱ្យកាន់តែមានកំណើនកាន់តែខ្ពស់ឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភា ដែលលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ជាពិសេសរវាងអន្តរសភានៃប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានរំលឹកអំពី ការចុះអនុស្សារណៈនៃការយោគយល់គ្នាថ្មីរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប៉ាគីស្ថាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការអញ្ជើញរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា ប៉ាគីស្ថាន សូមគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំបេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៉ាគីស្ថាននៅពេលវេលាសមស្របណាមួយ ហើយនេះជាឱកាសក្នុងការលើកម្ពស់នូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើថែមទៀត និងជាឱកាសឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាបន្តលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី ដើម្បីជាប្រយោជន៍រវាងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ សម្តេចបានទទួលការអញ្ជើញនេះ ហើយសម្តេចនឹងខិតខំរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។
សម្តេចបានបញ្ជក់ថា ដូចអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានប្រសាសន៍ពីខាងដើមហើយថា ប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ។ រហូតមកដល់ថ្ងៃនេះ ពុំទាន់មានអំពើហិង្សាណាមួយកើតឡើងនោះទេ ដែលសម្តេចអាចវាយតម្លៃបានថា គណបក្សទាំង ១៧ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បាននឹងកំពុងធ្វើសកម្មភាពឃោសនារកសំឡេងគាំទ្រ ដោយសេរី គ្មានការរំខាន និងរឹតត្បិត ព្រមទាំងធានាបាននូវ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាខិតខំធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយទាំងអស់គ្នាអាចទទួលយកបាន៕ ដោយ៖ពល ជ័យ,គ្រី សម្បត្តិ