អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិត សម រង្ស៊ី និងអ្នកទោសផ្សេងទៀតនៅតែភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀន តើនេះជាយុទ្ធសាស្ត្រជីកផ្នូរឱ្យគណបក្សនេះដែរទេ? 

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ទោះបីជាមានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើការបើកការស៊ើបអង្កេត កាលដែលអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាទណ្ឌិត និងខ្លះកំពុងជាប់បម្រាមធ្វើនយោបាយ បានយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀនទៅចែកចាយតាមបណ្តាញសង្គម ហើយដែលអាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ផងដែរ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅតែបំពានបម្រាមនិងបានធ្វើសកម្មភាពឃោសនាដោយភ្ជាប់រវាងសម រង្ស៊ី ខ្មោចគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដោយប្រើប្រាស់សារ និងនិមិត្តរូបដែលសំដៅលើគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនដែលជាអតីតគណបក្ស សម រង្ស៊ី ប្រែឈ្មោះក្រោយច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានអនុម័តឱ្យប្រើប្រាស់ ហើយបច្ចុប្បន្ននេះត្រូវបានគេដឹងថាទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅតែបន្តដឹកនាំ និងបញ្ជានៅពីក្រោយខ្នង បើទោះបីជាថ្នាក់ដឹកនាំបក្សនេះ បានចេញសេចក្តីប្រកាសព័ត៌មានថា បក្សភ្លើងទៀនមិនមានការជាប់ពាក់ព័ន្ធនឹងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បម្រាមធ្វើនយោបាយក៏ដោយ។ តែសកម្មភាព សារជាសំឡេង និងសំណេរ ព្រមទាំងរូបភាពភ័ស្តុតាងបាបបង្ហាញយ៉ាងច្បាស់ថា ទោះពួកគេខិតខំលាក់បាំង និងខិតខំបដិសេធធ្វើជាមិនស្គាល់គ្នា តែការពិត នៅតែជាការពិត គឺទណ្ឌិត សម រង្ស៊ី នៅតែជាម្ចាស់ និងជាមេដឹកនាំគណបក្សភ្លើងទៀន និងធ្វើសកម្មភាពដើម្បីគណបក្សភ្លើងទៀន។ 

តើហេតុអ្វីបានជា សម រង្ស៊ី រួមនឹងអ្នកត្រូវបានហាមឃាត់ធ្វើនយោបាយផ្សេងទៀតព្យាយាមផ្សារភ្ជាប់ខ្លួនទៅនឹងគណបក្សភ្លើងទៀន? 

១-ព្រោះសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានហាមឃាត់ធ្វើនយោបាយមួយចំនួនដូចជា មួរ សុខហួរអេង ឆៃអ៊ាង ហូរ វ៉ាន់ នុត រំដួល ឡុង រី គឺជាមានដើមកំណើតនយោបាយមកពីគណបក្សភ្លើងទៀន។ កាលពីមុន ទោះស្ថិតក្នុងអតីតជំរុំបក្សព្រះអាទិត្យ តែចិត្តថ្លើម ប្រមាត់ និងខួរក្បាលជារបស់បក្សភ្លើងទៀន និងខិតខំប្រឹងប្រែងធ្វើដើម្បីទាញផលប្រយោជន៍ទាំងឡាយមកឱ្យបក្សភ្លើងទៀន ច្រើនជាងបក្សសិទ្ធិមនុស្សរបស់ កឹម សុខា។ ការបំពានច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបុគ្គលផ្សេងទៀតដោយភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀនជាចំហរបង្ហាញយ៉ាងច្បាស់ថា សម រង្ស៊ី និងបក្ខពួករបស់ខ្លួននៅតែបន្តដឹកនាំគណបក្សភ្លើងទៀន និងប្រើការបញ្ជាពីចម្ងាយតាមរយៈសហសេវិករបស់ខ្លួននៅក្នុងប្រទេសដូចជា ទៀវ វណ្ណុល ស៊ុន ឆ័យ ថាច់សេដ្ឋាជាដើមដើម្បីធ្វើសកម្មភាពជំនួសខ្លួន។ សេង ធារី ប្អូនស្រីរបស់ សេង ម៉ារឌី អគ្គហិរញ្ញឹករបស់គណបក្សភ្លើងទៀន ក៏បានបកអាក្រាតថា សម រង្ស៊ី នៅតែជាមេដឹកនាំគណបក្សភ្លើងទៀន និងបានបញ្ជាកិច្ចការពីចម្ងាយ និងប្រើប្រាស់មនុស្សផ្សេងៗដូចជារ៉ុង ឈុន គង់ រ៉ៃយ៉ា ស៊ិន ពៅ ចាន់រូហ្សិត ជាដើម ដើម្បីបំផ្លែងរូបភាពថាសម រង្ស៊ី និងអ្នកត្រូវបានហាមឃាត់នយោបាយផ្សេងទៀតមិនមានការពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន។ ប៉ុន្តែដំរីស្លាប់មិនអាចយកចង្អេរទៅបាំងជិតឡើយ ហើយការយកសាររូបភាព សំឡេងនិងធ្វើសកម្មភាពឃោសនាដោយប្រយោលនៅតាមទីតាំងផ្សេងៗជាភ័ស្តុតាងនៃការបំពានច្បាប់របស់ក្រុមទណ្ឌិត សម រង្ស៊ី យ៉ាងច្បាស់។ 

២-ព្រោះ សម រង្ស៊ី និងបក្ខពួកយល់ថាប្រសិនបើខ្លួនមិនហក់ចូលទាំងបំពានជួយឃោសនាគណបក្សភ្លើងទៀន នោះពលរដ្ឋខ្មែរជាពិសេសអតីតសកម្មជនរបស់ខ្លួននឹងមិនផ្តល់ការគាំទ្រឡើយព្រោះពួកគេមើលឃើញថាគណបក្សភ្លើងទៀនមានតែ «ដងខ្លួនតែអត់ក្បាល» ព្រោះ មេដឹកនាំបច្ចុប្បន្នរបស់គណបក្សភ្លើងទៀនត្រូវបានគេដឹងថា គ្រាន់តែជា «អាយ៉ង» ប៉ុណ្ណោះ នោះនឹងធ្វើឱ្យផែនការនៃការលេបយកកម្លាំងអតីតខ្មោចបក្សសង្គ្រោះជាតិដើម្បីបង្កើតបន្ទាយនយោបាយថ្មីក្រោមឈ្មោះថា «បក្សភ្លើងទៀន» អាចនឹងបរាជ័យព្រោះសមាជិក អតីតខ្មោចបក្សសង្គ្រោះជាតិជាច្រើនបានបន្តនៅជាមួយ កឹម សុខា អតីតប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ស្របច្បាប់។ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនត្រូវបានក្រុម កឹម សុខា និយម រិះគន់វាយប្រហារថាបានក្បត់សម្ព័ន្ធមិត្ត ធ្វើបក្សប្រហារតែងតាំងខ្លួនឯងជា«ប្រធានស្តីទី» ខ្មោចបក្សសង្គ្រោះជាតិ និងបានយកគណបក្សភ្លើងទៀនទៅចូលរួមការបោះ ឆ្នោតនិងថែមទាំងបានឃោសនាថា«គណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ គឺជាគណបក្សតែមួយ» ថែមទៀតផង។ នេះជាការបញ្ជាក់ពីការកេងចំណេញនយោបាយ និងការស៊ីកេរនៃខ្មោចបក្សសង្គ្រោះជាតិ ក្បត់ដៃគូខ្លួនយ៉ាងច្បាស់ក្រឡែត។ សម្រាប់ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា នេះមិនមែនជារឿងចម្លែកឡើយ សម រង្ស៊ី បានបោក កឹម សុខា ជាច្រើនលើកច្រើនសារួចមកហើយ និងក៏គេដឹងក្រយ៉ៅរបស់ សម រង្ស៊ី ដែរ ដែលជាអ្នកនយោបាយមាន់សម្ល និងអង្ករកំប៉ុង និងជាអ្នកនយោបាយ«ជាន់លើសាកសពអ្នកដទៃដើម្បីសម្រេចក្តីបំណងរបស់ខ្លួន»។

៣-ព្រោះ សម រង្ស៊ី និងបក្ខពួកផ្សេងទៀតដែលជាអ្នកអស់សង្ឃឹមនយោបាយដោយសារតែមានទោសជាប់ខ្លួនយ៉ាង ច្រើនពីទង្វើក្បត់ជាតិ និងការប្រព្រឹត្តល្មើសច្បាប់ផ្សេងទៀត ខិតខំប្រឹងប្រែងក្នុងដង្ហើមចុងក្រោយបង្កើតឱកាសនយោបាយឱ្យខ្លួនវិញស្រោចស្រង់ជីវិតនយោបាយខ្លួនឡើងវិញ និងដើម្បីមានសំឡេងនៅក្នុងដៃដើម្បីប្រើប្រាស់ ចរចានយោបាយ និងបង្កើនទម្ងន់នយោបាយឱ្យខ្លួន និងបក្ខពួកឡើងវិញព្រោះរយៈពេលជិត១០ឆ្នាំមកនេះ សម រង្ស៊ី បានធ្វើ «នយោបាយជីកកប់ខ្លួនឯងទាំងរស់»។ក្រុមសម រង្ស៊ី បានបាត់បង់ឱកាសកាលពីឆ្នាំ២០១៨ ដែលនៅស្មោះស្ម័គ្រគិតថា នឹងអាចប្រើប្រាស់ឥទ្ធិពលនិងសម្ពាធបរទេសមកលើរាជរដ្ឋាភិបាលកម្ពុជាបាន ជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ឱ្យរស់ឡើងវិញបានប៉ុន្តែរហូតមកដល់ពេលនេះ គឺហួសពេល។ ដោយសារតែខ្លាចហួសពេល និងកុំឱ្យដើរយុទ្ធសាស្ត្រខុសទៀត សម រង្ស៊ីនិងបក្សពួកបានរៀបចំដណ្តើមយកខ្មោចបក្សសង្គ្រោះជាតិមកវិញ មិនអនុញ្ញាតឱ្យក្រុមកឹម សុខា ដឹកនាំទៀតទេព្រោះដោយសារតែសម្តីអំណួតអត់គម្របរបស់ កឹម សុខា បានធ្វើឱ្យបក្សសង្គ្រោះជាតិរលាយដូចអំបិលត្រូវទឹក។ ហេតុដូច្នេះហើយបានជាពេលនេះ សម រង្ស៊ី និងបក្ខពួកត្រូវឆ្លៀតឱកាស មិនឱ្យបាត់បង់ឱកាសក្នុងកសាងជំរុំនយោបាយរបស់ខ្លួនឡើងវិញ ដោយមិនរង់ចាំដំណើរផ្សងព្រេងរកឥសីមកប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញទេ។ ក្រុមសម រង្ស៊ីនិយម បានឃោសនាថា«បក្សភ្លើងទៀនជាព្រលឹងបក្សសង្គ្រោះជាត» សូម្បីតែលុយដែលរៃអង្គាសបានសម្រាប់ខ្មោចបក្សនេះក៏មានការទាមទារឱ្យយកមកជួយបក្សភ្លើងទៀននេះដែរ។នេះ ជាយុទ្ធសាស្ត្រលេបយកកម្លាំងអតីតខ្មោចបក្សសង្គ្រោះជាតិ របស់ក្រុម សម រង្ស៊ី គឺលេបដូចពស់លេបកង្កែប។

តើការផ្សារភ្ជាប់ខ្លួនរវាងទណ្ឌិតនិងគណបក្សនយោបាយ នឹងទទួលបានលទ្ធផលបែបណា? តើនាំលាភ ឬនាំគ្រោះ? 

តាមពិត អ្វីដែល សម រង្ស៊ី រួមនឹងបក្ខពួកខ្លួនទាំងក្នុងនិងក្រៅប្រទេសប្រឹងប្រែងធ្វើសកម្មភាពជាមួយ«បក្សភ្លើងទៀន»ទាំងដឹងថាបំពានច្បាប់ ក៏ព្រោះដើម្បីកសាងបន្ទាយនយោបាយមួយឡើងវិញ និងបង្កើតកម្លាំងនយោបាយមួយដើម្បីបម្រើផលប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ី។ សម រង្ស៊ី បានប្រកាសក្តែងៗថាខ្លួនគាត់នឹងយកលទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ធ្វើជាឈ្នាន់តថ្លៃនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីជាថ្នូរនឹងការអាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញក្រោយការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ។ ចំណុចនេះ មុត ចន្ថា ដែលជាមនុស្សស្និទ្ធនឹង កឹម សុខា ធ្លាប់ចេញមកប្រតិកម្មតបនឹងកាលដែលក្រុម សម រង្ស៊ី បានឃោសនាថាបក្សភ្លើងទៀន និងអតីតសង្គ្រោះជាតិគឺតែមួយដោយបានលើកឡើងថាជាការរំលោភច្បាប់។ រំលោភលើច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងបទបញ្ជានិងនីតិវីធី គ.ជ.ប ហើយនិងសាលដីការបស់តុលាការកំពូល។ ម្យ៉ាងទៀត អ្នកនយោបាយជាទណ្ឌិត ឬជាអ្នកទោសដោយមានសាលក្រមស្ថាពរដូច សម រង្ស៊ី ជួយឃោសនាឱ្យបក្សភ្លើងទៀន គឺជាអំពើរំលោភបំពានលើមាត្រា ៦-ថ្មី (ពីរ) ចំណុចទី៧ នៃច្បាប់វិសោធនកម្ម នៃច្បាប់ស្តីពីគណបក្សនយោបាយ និងសាលដីការបស់តុលាការកំពូល។

ដូច្នេះ សរុបមកវិញ  គណបក្សភ្លើងទៀន គឺជាតំណាងឱ្យមហិច្ឆតានយោបាយរបស់ សម រង្ស៊ី និងធ្វើអ្វីៗដើម្បីបម្រើឱ្យបុព្វហេតុទណ្ឌិត សម រង្ស៊ី។ កាលដែលទណ្ឌិត សម រង្ស៊ី និងអ្នកទោសផ្សេងទៀតធ្វើសកម្មភាពជួយគណបក្សភ្លើងទៀន វាអាចជាការនាំគ្រោះដល់គណបក្សភ្លើងទៀនច្រើនជាងការនាំលាភ ព្រោះអ្នកទាំងនោះដឹងហើយថាយោងតាមច្បាប់ស្តីពីគណបក្សនយោបាយអាចនាំឱ្យមានការស៊ើបអង្កេត និងការអនុវត្តច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនបាន។ ឬក៏ក្រុម សម រង្ស៊ី យល់ថា គណបក្សភ្លើងទៀននឹងមិនអាចដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលធំ មានកម្លាំងគាំទ្រច្រើនលើបលប់ពីពលរដ្ឋ និងជាគណបក្សតែមួយដែលបានដើរតួនាទីស្នូលក្នុងការការពារជាតិ ប្រជាជនឡើយ ដូច្នេះពួកគេត្រូវតែរុញសេណារីយ៉ូឱ្យមានការប្តឹង និងរំលាយបក្សភ្លើងទៀនមួយទៀតក្រោយការបោះឆ្នោត ដើម្បីពួកគេបន្តអុកឡុកប្រទេសកម្ពុជា បំផ្លាញការបោះឆ្នោត និងធ្វើឱ្យមានភាពមិនរលូនលើការអបអរសាទរជ័យជម្នះគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រោះភ័ស្តុតាងមានច្រើនរួចហើយដែលបញ្ជាក់ពីទំនាក់ទំនងរវាងក្រុមអ្នកនយោបាយជាទណ្ឌិត និងបក្សភ្លើងទៀន។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកនយោបាយជាទណ្ឌិតដូច សម រង្ស៊ី និងអ្នកផ្សេងទៀតនៅតែបន្តគឃ្លើនរំលោភបំពានច្បាប់ជាធរមាន នោះមានន័យថាពួកគេបាននិងកំពុងត្រៀមផ្នូរជូនគណបក្សភ្លើងទៀនទៀតហើយ៕ 

ដោយ៖ចៅចាក់ស្មុក 

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២

ads banner