ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ បានដំណើរការទៅដោយរលូននៅតាមមណ្ឌលសុខភាពនិងនៅតាមមន្ទីរពេទ្យបង្អែក

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី៩និងទី១០មិថុនានេះបាន ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ នៅតាមមណ្ឌលសុខភាពនានានិងនៅតាមខណ្ឌមន្ទីរពេទ្យបង្អែកយ៉ាងច្រើនកុះករ។ ជាក់ស្តែងនៅព្រឹកនេះ នៅមណ្ឌលសុខភាពច្បារអំពៅ មណ្ឌលសុខភាពដង្កោនិងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ គេបានឃើញមន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញបានទៅទទួលការចាក់វ៉ាក់សាំងជាបន្តបន្ទាប់។

គួរបញ្ជាក់ថាយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជននិងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំ ឡើង ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា៖
ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥បន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩និងជាពិសេស ដើម្បីបន្តរក្សានូវនិរន្តភាពនៃដំណើរការជាប្រក្រតីភាពនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូច ជាការពារអាយុជីវិតរបស់ប្រជាជន។

ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្តី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹង ដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជននិងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំ ឡើង ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដួសទី៤និងមានគម្លាតចាប់ពី ០៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៤ នៅទីតាំងទាំង៤១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕ ដោយ :ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner