សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប រៀបចំពិព័រណ៍ស្នាដៃសិស្ស ឆ្នាំទី១០

សៀមរាប ៖ ពិធីពិព័រណ៍ស្នាដៃសិស្សដែលរៀបចំឡើងដោយសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបង្រៀនសិស្សឲ្យចេះទំាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងរបស់សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប គឺជាការបណ្តុះបណ្តាលធនធានមនុស្សអោយមានប្រសិទ្ធភាពពិតប្រាកដ នៅពេលដែលសិស្សរៀនចប់ទ្រឹស្តីមេរៀនមួយ ពួកគេនឹងបានអនុវត្តតាមការងារជាក់ស្តែងធ្វើឱ្យពួកគាត់បានចេះពីរបៀបធ្វើរួចជាស្រេចដូច្នេះនៅពេលពួកគាត់រៀនចប់ចូលធ្វើការគឺគាត់អាចធ្វើការបានល្អតែម្តង។

លោក អភិបាលរងខេត្ត បានវាយតម្លៃថា ការរៀបចំពិព័រណ៍ស្នាដៃសិស្សានុសិស្សនាពេលនេះ វាគឺជាបទពិសោធន៍ការងារដ៍ល្អមួយ និងការផ្តល់ឱកាសអោយក្មួយៗសិស្សានុសិស្សបានបង្ហាញសមត្ថភាពរបស់ខ្លួន។ ហើយលោក ក៍បានស្នើសុំអោយសាលារៀនដ៍ទៃទៀត មានការរៀបចំពិព័រណ៍អប់រំអោយបានច្រើនដើម្បីអោយសិស្សបានបញ្ចេញសមត្ថភាព។ លោក បានបញ្ជាក់ថា តាមរយៈនៃការតាំងពិព័រណ៍អប់រំស្នាដៃសិស្សនេះ គឺបានបង្ហាញអោយឃើញថាសិស្សានុសិស្សនៃសាលាវេសហ្គេតអន្តរជាតិមានសមត្ថភាពជាពិសេសពាក់ព័ន្ធនិងគំនិតឆ្នៃប្រឌិតដែលជាការរចនាម៉ូតអគារ ការរៀបចំតុបតែងលម្អរធម្មជាតិ តាមបែបផ្សេងៗផងដែរ។

លោក អភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ការវិនិយោគលើវិស័យអប់រំ ក្នុងការបើកបង្រៀនសិស្ស បើមាន ឆន្ទៈ ថា វាមិនមែនជាការធ្វើមុខជំនួញនោះទេ ទើបអាចបម្រើឲ្យវិស័យអប់រំ បាន ដែលស្ថិតក្រោម គោលនយោបាយរបស់រាជ រដ្ឋាភិបាល គឺអប់រំដើម្បី ឲ្យទាំងអស់គ្នា ព្រោះថា ការបង្រៀន ក្មេងតូចៗ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាងគ្រឹះ នៃ សមត្ថភាពសិក្សារបស់សិស្ស ដែល ទាមទារឲ្យមានការជ្រើសរើស សាលា និងគ្រូបង្រៀនប្រកបដោយ គុណភាព ដើម្បីឆ្ពោះទៅអនាគត ប្រកបដោយផ្លែផ្កាលើការកសាង ធនធានមនុស្ស ហើយការបង្រៀន សិស្សប្រកបដោយគុណភាព វាមិន ត្រឹមតែជាការកសាងអនាគតល្អ សម្រាប់សិស្សប៉ុណ្ណោះទេ តែគឺជា ការកសាងធនធានពលរដ្ឋល្អ និង មានអត្ថន័យធំធេងជាងនេះ គឺ សង្គមជាតិទទួលបាន ធនធានមនុស្សពិតប្រាកដដើម្បី ចូលរួមអភិវឌ្ឍប្រទេសរបស់ខ្លួន។

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិសៀមរាប មានប្រសាសន៍លើកឡើងថា ឆ្នាំនេះគឺជាឆ្នាំទី១០ហើយដែលសាលាបានរៀបចំធ្វើពិធីតាំងពិព័រណ៍អប់រំស្នាដៃរបស់សិស្សបែបនេះ ក្រោមការផ្តួចផ្តើមឡើងដោយលោកគ្រូអ្នកគ្រូ ដោយស្ថិតក្នុងគោលបណងផ្តល់ឱកាសអោយសិស្សានុសិស្សបានយកចំណេះដឹងតាមរយៈការរៀនសូត្ររបស់ខ្លួនលើមេរៀនទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង ហើយក៍ជាការវាស់ស្ទង់ចំណេះដឹងរបស់សិស្សទៀតផង។

លោក នាយក បានបញ្ជាក់ផងដែរថា សម្រាប់សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបនេះ លោកនឹងបន្តរៀបចំជារៀងរាលឆ្នាំ ចំពោះការវិនិយោគលើវិស័យអប់រំ គឺការបើកបង្រៀន សិស្សឲ្យមានឆន្ទៈ វាមិនមែនជាការធ្វើមុខជំនួញនោះទេ ទើបអាចបម្រើឲ្យវិស័យអប់រំបាន ដែលស្ថិតក្រោម គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺអប់រំដើម្បីយើងទាំងអស់គ្នា៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner