អ្នកឧកញ៉ា ទ្រី ភាព៖ ការគោរពស្រឡាញ់របស់ប្រជាជន ចំពោះសម្តេចតេជោ និងបក្សប្រជាជនកម្ពុជា ធ្វើឱ្យស្រុកកណ្តាលស្ទឹង ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ ៨៣អាសនៈ លើ ៩២អាសនៈ

កណ្តាលស្ទឹង៖ ឯកឧត្តមអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកណ្តាលស្ទឹង និងតាមបណ្តាឃុំទាំង១៨ ព្រមទាំងកម្លាំងយុវជន និងសកម្មជនបក្សនៅទូទាំងស្រុក ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងប្តូរផ្តាច់ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ។

ស្រុកកណ្តាលស្ទឹងមានឃុំចំនួន១៨ ហើយមានប្រជាពលរដ្ឋចុះបញ្ជីឈ្មោះបោះឆ្នោតសរុប ៧២,២៣៥នាក់។ យោងតាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ស្រុកកណ្តាលស្ទឹងមានប្រជាពលរដ្ឋទៅបោះឆ្នោតសរុប ៦៤,៨២៧នាក់ ស្មើនឹង ៨៩.៧៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជី។
លទ្ធផលបានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋទៅបោះឆ្នោត បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៥២,៣៦០សំឡេង ស្មើនឹង ៨២.៦១ភាគរយ។

តាមរយៈសំឡេងឆ្នោតនេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំទាំងស្រុងចំនួន ៩ឃុំ។ ដោយឡែកឃុំចំនួន ៩ផ្សេងទៀត ត្រូវបានគណបក្សភ្លើងទៀន ទទួលបាន ១អាសនៈ ក្នុងមួយឃុំ។

ក្នុងនាមជាអនុប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង តំណាងឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាប្រធានក្រុមការងារនោះ ឯកឧត្តមអ្នកឧកញ៉ា ទ្រី ភាព បានសម្តែងការអបអរសាទរចំពោះបេក្ខភាពក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកណ្តាលស្ទឹង ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ឯកឧត្តមអ្នកឧកញ៉ា បានគូសរំលេចថា ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកណ្តាលស្ទឹង ជាការបង្ហាញឱ្យឃើញទឹកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ផ្តល់ការគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលបានសាងនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន។ ជាពិសេសបានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

បើទោះបីជាយ៉ាងណា អ្នកឧកញ៉ា ទ្រី ភាព ក៏បានមើលឃើញដែរថា ការប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្តល់សេវា និងដោះស្រាយការលំបាករបស់ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងការរួមចំណែកចូលរួមកសាង និងអភិវឌ្ឍន៍នៅមូលដ្ឋានពីក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាកត្តាគួបផ្សំបន្ថែមទៀតក្នុងការទទួលបានការជឿជាក់ និងអានិតស្រឡាញ់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះ ឯកឧត្តមអ្នកឧកញ៉ា ទ្រី ភាព មិនភ្លេចនោះទេ ក្រើនរំលឹកដល់បេក្ខភាពក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្តល់សេវា ការបម្រើ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ អ្នកឧកញ៉ា បានសង្កត់ថា «ការបម្រើដោយក្តីស្រឡាញ់ ដោយស្មោះស្ម័គ្រ ដោយភក្តីភាពចំពោះប្រជាពលរដ្ឋ គឺយើងនឹងទទួលបានការស្រឡាញ់ និងការជឿទុកចិត្តពីប្រជាពលរដ្ឋមកវិញផងដែរ»។

ជួសមុខឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹងទាំងអស់, ឯកឧត្តមអ្នកឧកញ៉ា ទ្រី ភាព បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផ្តល់ឱកាស និងការជឿទុកចិត្តឱ្យក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនៅគ្រប់ឃុំក្នុងស្រុកកណ្តាលស្ទឹង។

ឯកឧត្ត អ្នកឧញ៉ា ទ្រី ភាពក៍បានអំពាវនាវដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកណ្តាលស្ទឹង
ទាំងអស់បន្តប្រឹងប្រែងពង្រឹងសាមគ្គភាពផ្ទៃក្នុងបក្ស និងធ្វើសកម្មភាពផ្សេងៗគា្នបន្ថែមទៀតដើម្បី ឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម អ្នកឧញ៉ា ទ្រី ភាពបានឧបត្ថម្ភថវិកាមួយចំនួនដល់គណបក្សស្រុក គណបក្ស ឃុំនិងសមាជិកសមាជិកានិង កម្លាំងការពារផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner