ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបន្តបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា កើនឡើងចំនួន ២អាសនៈបន្ថែម

ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរ មូលដ្ឋានឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដូចអាណត្តិនេះ កើនឡើង៦ លើ៧អាសនៈក្នុងឃុំវាលម្លូរ ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក អញ្ជើញជួបសំណេះសំណាលនិងប្រគល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរឃុំវាលម្លូរ នៅស្នាក់ការបក្សឃុំវាលម្លូរ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ា ម៉េងហុក បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃ ក្នុងការងារកន្លងមក នេះបង្ហាញឲ្យឃើញពីការខិតខំរួមគ្នា របស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ភូមិនីមួយៗ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលានិងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំវាលម្លូរ ត្រូវយកចិត្តទុកដាក់រាល់សំណូមពរនានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ឃុំនីមួយៗបន្តទៀត ដើម្បីស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ និងទំនុកចិត្ត ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើគណបក្សទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ា ម៉េងហុក សង្ឃឹមយ៉ាងមុតមាំថា សម្រាប់អាណត្តិថ្មីនេះ គណបក្សប្រជាជនកម្ពុជា នឹងមានប្រជាពលរដ្ឋគាំទ្រច្រើន ខណៈសមាជិកយើងបានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសើរ និងឈានដល់យកជ័យលាភីឈ្នះ នៅថ្ងៃបោះឆ្នោតសកលក្នុងអាណត្តិទី៥ ខាងមុខនេះ។

គូសបញ្ជាក់ថា ៖ ជាលទ្ធផលក្នុងឃុំវាលម្លូរ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥នេះ មានប្រជាពលរដ្ឋចំនួន៣.៥៨៣នាក់ បានអញ្ជើញទៅបោះឆ្នោតចំនួន ៧២.១៥%ភាគរយ នៃចំនួនសមាជិកបក្សសរុប។ ជាលទ្ធផលក្នុងទូទាំងឃុំវាលម្លូរ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦/៧អាសនៈ។

ឯកឧត្តម ប៉ា ម៉េងហុក បានប្រគល់អំណោយរបស់ក្រុមហ៊ុន REVLON ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៧០នាក់ ក្នុងម្នាក់ទទួលបាន មួកសុវត្តិភាព១ ឆត្រ១ ច្រាសដុសធ្មេញ ៣០ ទឹកអប់១ប្រអប់ កាតាបស្ពាយ១ ថ្នាំលាបសក់៣ប្រអប់ ព្រមទាំងប្រគល់ឃីតចំនួន ២៥៨៥កញ្ចប់ ជូនដល់អាជ្ញាធរភូមិយកទៅចែកជូនសមាជិកបក្សនៅមូលដ្ឋានរៀងៗខ្លួនផងដែរ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner