ស្នងការរងទទួលផែន ការងារអត្តសញ្ញាណកម្ម ណែនាំដល់មន្រ្តីនគរបាលការិយាល័យជំនាញក្រោមឱវាទ ត្រូវពង្រឹងការត្រួតពិនិត្យនិងទប់ស្កាតចំពោះការផ្តល់ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់

ភ្នំពេញ៖ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា បានណែនាំដល់មន្រ្តីនគរបាលការិយាល័យជំនាញក្រោមឱវាទ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះការផ្តល់ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពលើការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ដែលមករស់នៅធ្វើការងារនៅក្នុងរាជធានីភ្នំពេញ នៅបន្ទាប់ក្នុងរយៈពេលកន្លងទៅថ្មីៗនេះក្រុមការងារជំនាញអត្តសញ្ញាណកម្មនិងក្រុមការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញមានជនបរទេសអន្តោប្រវេសន៍ខុសច្បាប់មួយចំនួនតូច បានកាន់កាប់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ ហើយត្រូវបានក្រុមការងារដកហូតយកមករក្សាទុកដើម្បីស្រាវជ្រាវនិងសុំគោលការណ៍ថ្នាក់លើមានវិធានការដោះស្រាយ ។

ការថ្លែងពីសំណាក់លោកឧត្តមសេនីយ៍ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលផលការងារផែនការងារអត្តសញ្ញាណកម្មប្រចាំខែមិថុនា និងលើកទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០២២ នាព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី៣ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងនោះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរង ទទួលជំនួយដឹកនាំការងារការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,លោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ស្នងការរង ទទួលជំនួយដឹកនាំការងារការិយាល័យគ្រប់គ្រងការស្នាក់នៅនិងមានវត្តមានលោក នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងលោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
រួមនឹងលោក-លោកស្រី នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តី ចំណុះផែនការងារអត្តសញ្ញាណកម្មបានចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំលោកស្នងការរង ទទួលជំនួយដឹកនាំការងារការិយាល័យជំនាញទាំងពីរ លោកនាយការិយាល័យជំនាញ និងលោលោកស្រីនាយរងការិយាល័យ ក៏បានលើកបញ្ហាប្រឈមនានានិងចំណុចខ្លាំង ចំណុចខ្សោយលើការងារផ្តល់សេវាអត្តសញ្ញាណកម្ម ដើម្បីលើកយកមក ពិភាក្សានឹងដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងល្អប្រសើរ ក្នុងការផ្តល់ជំនឿទុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

តមក លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ក៏បានណែនាំដល់មន្រ្តីការិយាល័យជំនាញទាំងពីរ ត្រូវបន្តយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាប្រចាំចំពោះមន្រ្តីនគរបាលជំនាញនៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ដោយចុះពង្រឹងលើការងារផ្តល់សេវាអត្តសញ្ញាណកម្មនេះឱ្យបានលឿនឆាប់រហ័សជូនប្រជាជលរដ្ឋ និងចុះដោះស្រាយពីបាតុភាពអសកម្មមួយចំនួនដែលប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈផេកផ្លូវការថ្នាក់ដឹកនាំ តាមទូរស័ព្ទ ឬតាមបណ្តាញព័ត៌មានផ្សេងៗ ក្នុងនោះក៏ណែនាំមន្រ្តីជំនាញមិនត្រូវទាមទារថវិកាដោយខុសច្បាប់ពីការងារផ្តល់សេវាអត្តសញ្ញាណកម្មនេះឡើយ។

លោកឧត្តមសេនីយ៍ស្នងការរង
ក៏បានអំពាវនាវប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) ឬ គ្រប់អាយុ ១៥ឆ្នាំ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) អស់សុពលភាព ក្នុងឆ្នាំ២០២២ ។សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ១០៥ប៉ុស្តិ៍ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ – សៀវភៅគ្រួសារ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត បើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាពរយៈពេល ៩០ថ្ងៃ សូមភ្ជាប់មកជាមួយផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner