សហភាព​អឺរ៉ុប​ចុះ​​ហត្ថលេខា​​​លើ​​កិច្ច​​ព្រម​​ព្រៀង​​ហ្គាស​​ជាមួយ​​អ៊ីស្រាអែល​ និង​អេហ្ស៊ីប ​​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រុស្ស៊ី​

សហភាព​អឺរ៉ុប​ អ៊ីស្រាអែល ​និង​អេហ្ស៊ីប​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ត្រី​ភាគ​លើ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ ​​(ហ្គាស) ខណៈ​​ប្លុក​អឺរ៉ុប​ព្យាយាម​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ថាមពល​​លើ​រុស្ស៊ី ​ក្រោម​យន្តការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុង​ម៉ូស្គូ​ក្រោយ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​

កិច្ច​​ព្រម​​ព្រៀង​​​នេះ​ ​នឹង​​អនុញ្ញាត​​ឱ្យ​​អ៊ីស្រាអែល​​នាំ​​ចេញ​​ឧស្ម័ន​​ទៅ​​កាន់​​អឺរ៉ុប​​តាម​​រយៈ​​អេហ្ស៊ីប​។​ ក្រសួង​ថាមពល​អ៊ីស្រាអែល​​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ដែល​​សម្រេច​បាន​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​សន្និសីទ​ថាមពល​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត​នៅ​រដ្ឋ​ធានី​គែរ​ នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​ឧស្ម័ន​ «​ដ៏​សំខាន់​»​ របស់​អ៊ីស្រាអែល​ទៅ​កាន់​អឺរ៉ុប​ជា​លើក​ដំបូង​។​

ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ អ្នក​ស្រី​ អួរស៊ូឡា ​វ៉ុនឌែរ​ ឡេយែន ​(Ursula von der Leyen) ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ថាមពល​អេហ្ស៊ីប​ និង​អ៊ីស្រាអែល​ថា​៖​ «​វា​គឺ​ជា​ពេល​វេលា​ដ៏​ពិសេស​មួយ​។​ ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​នេះ​»​។​ អ្នក​ស្រី​និយាយ​បន្ថែម​លើ​បណ្ដាញ​សង្គម​ធ្វីតធឺរ​ថា​ កិច្ច​ព្រម​ព្រៀង​ត្រី​ភាគី​នេះ​ នឹង​រួម​​ចំណែក​ដល់​សន្តិសុខ​ថាមពល​របស់​អឺរ៉ុប​។​

កាល​ពី​ឆ្នាំ​មុន​ សហភាព​អឺរ៉ុប​នាំ​ចូល​ប្រហែល​ ៤០ ​%​ នៃ​ឧស្ម័ន​របស់​ខ្លួន​ពី​​រុស្ស៊ី​។​ ​នា​ពេល​នេះ​ បណ្តា​ប្រទេស​នានា​របស់​ប្លុក​ កំពុង​ត្រដាប​ត្រដួស​ព្យាយាម​កាត់​បន្ថយ​ពំនឹង​ពាក់​អាស្រ័យ​នោះ​ ដើម្បី​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជា​បន្ត​បន្ទាប់​ ជុំ​វិញ​ការ​លុក​លុយ​​អ៊ុយក្រែន​ ខណៈ​ការ​ឡើង​តម្លៃ​ថាមពល​ប្រេង​ និង​ហ្គាស​ ធ្វើ​ឱ្យ​ប្លុក​ប្រឈម​មុខ​នឹង​អតិផរណា​ខ្ពស់​។​

កាល​​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​គម្រោង​ថវិកា​ចំនួន​ ​២២០ ​ប៊ីលាន​ដុល្លារ​ ដើម្បី​បញ្ចប់​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីលរ​បស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០២៧ និ​ង​បង្កើន​ល្បឿន​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ថាមពល​បៃតង​។​ ប៉ុន្តែ​ឥឡូវ​នេះ​ ក្រុង​ម៉ូស្គូ​បាន​កាត់​បន្ថយ​លំហូរ​ឧស្ម័ន​ទៅ​កាន់​​ប៊ុលហ្គារី​ ប៉ូឡូញ​ ហ្វាំងឡង់​ ​និង​អាល្លឺម៉ង់​បណ្ដើ​ៗ​ហើយ​ បន្ទាប់​ពី​ប្រទេស​ទាំង​អស់​នេះ​ ច្រាន​ចោល​ការ​ទាមទារ​របស់​វិមាន​ក្រឹមឡាំង​​​ឱ្យ​ធ្វើ​ការ​ទូ​ទាត់​ជា​ប្រាក់​រូប្លិ៍​។​

ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​​​នៅ​រដ្ឋ​ធានី​គែរ​ ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​អ្នក​ស្រី ​វ៉ុនឌែរ ​ឡេយែន ​និង​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​លោក​ ម៉ារីអូ ​ដ្រាហ្គី​ (Mario Draghi) ​ចាប់​ផ្តើម​​កិច្ច​ពិភាក្សា​ថាមពល​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​លោក​ យែ​រ​ ឡា​ភី​ដ​ (Yair Lapid)​។​

​អ្នក​ស្រី​ វ៉ុនឌែរ​ ឡេយែន ​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​ទស្សនៈ​កិច្ច​នៅ​អ៊ីស្រាអែល​ថា​៖​ ​«​វា​គឺ​ជាជំ​ហាន​ដ៏​អស្ចារ្យ​មួយ​ ដែល​នាំ​យក​កិច្ច​សហប្រតិបត្តិការ​ថាមពល​របស់​យើង​ ទៅ​កាន់​កម្រិត​​បន្ទាប់​»​។​

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ដដែល​ សង្កត់​ធ្ងន់​ថា ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នឹង​​បង្កើន​ «​ឯករាជ្យ​ភាព​»​ របស់​ប្លុក​​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពឹង​ផ្អែក​លើ​អ្នក​ផ្គត់​ផ្គង់​ថ្មី​ពី​រដ្ឋ​ធានី​គែរ​ និង​​ តែវអាវីវ​ ​ដែល​សុទ្ធ​តែ​ជា​អ្នក​រង​ការ​ចោទ​ប្រកាន់​​​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ឧស្ម័ន​ធម្មជាតិ​របស់​អ៊ីស្រាអែល ​នឹង​ត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ទៅ​កាន់​ស្ថានីយ៍​ស្តុក​របស់​​អេហ្ស៊ីប​​នៅ​លើ​សមុទ្រ​មេឌីទែរ៉ាណេ​ ​ហើយ​ដឹក​ជញ្ជូន​បន្ត​តាម​នាវា​ដឹក​ប្រេង​ទៅ​កាន់​ឆ្នេរ​សមុទ្រ​អឺរ៉ុប​។​ អេហ្ស៊ីប​ បាន​និង​កំពុង​ធ្វើ​ការ​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​ឧស្ម័ន​ធម្មជាតិ​ក្នុង​តំបន់​ ដោយ​ប្រើ​ប្រាស់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្រុង​ Idku ​និង​ក្រុង​ Damietta ​តាម​រយៈ​ការ​នាំ​ចូល​ឧស្ម័ន​ពី​​អ៊ីស្រាអែល​ និង​ស៊ីប ​ហើយ​នាំ​ចេញ​វា​ឡើង​វិញ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត​។​ ​

កាល​ពី​ខែ​មករា​ សហភាព​អឺរ៉ុប​បាន​កំណត់​ថវិកា​ចំនួន​ ៧៣៦ ​លាន​ដុល្លារ​ ​សម្រាប់​ការ​សាង​សង់​ខ្សែ​អគ្គិសនី​ក្រោម​បាត​សមុទ្រ​ដែល​មាន​កម្លាំង​ ២ ០០០ ​​មេហ្គាវ៉ាត់​ ដែល​នឹង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​របស់​អ៊ីស្រាអែល ​កោះស៊ីប ​និង​ក្រិក​។​ អ្នក​ស្រី​ វ៉ុនឌែរ ​ឡេយែន ​និយាយ​ថា​​ វា​នឹង​ក្លាយ​ជា​បណ្ដាញ​ដែល​ជ្រៅ​​ និង​វែង​បំផុត​ដែល​មិន​ធ្លាប់​មាន​។​

ក្នុង​ឆ្នាំ​ ២០២០ ​ក្រិក ​អ៊ីស្រាអែល ​និង​កោះ​ស៊ីប​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សាង​សង់​បំពង់​បង្ហូរ​ក្រោម​បាត​សមុទ្រ​ ដើម្បី​បង្ហូរ​ឧស្ម័ន​​​នៅ​ឈូង​សមុទ្រ​ភាគ​អាគ្នេយ៍​នៃ​មេឌីទែរ៉ាណេ​ ទៅ​កាន់​ទ្វីប​​អឺរ៉ុប​។​​ គម្រោង​ដែល​ឈ្មោះ​ថា​ EastMed ​និង​ស្នើ​ឡើង​ក្នុង​តម្លៃ​ ៦ ​ប៊ីលាន​ដុល្លារ​ ត្រូវ​គេ​រំពឹង​ថា​នឹង​បំពេញ​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​ប្រហែល ​១០ ​%​ របស់​សហភាព​អឺរ៉ុប​ ប៉ុន្តែ​​​វា​​ពោរ​ពេញ​​ដោយ​​ភាព​ស្មុគ​ស្មាញ​​ផ្នែក​​នយោបាយ​ និង​​ភស្តុភារ​។​

នៅ​ពេល​នោះ ​មន្ត្រី​អ៊ីស្រាអែល​​និយាយ​ថា​ បំពង់​បង្ហូរ​ EastMed ​នឹង​ចំណាយ​ពេល​សាង​សង់​រហូត​ដល់​ ៧ ​ឆ្នាំ​។​ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ការ​សាង​សង់​​មិន​ទាន់​​ចាប់​ផ្តើម​នៅ​ឡើយ​ទេ ​ហើយ​សហភាព​អឺរ៉ុប​នៅ​តែ​ធ្វើ​ការ​វាយ​តម្លៃ​បឋម​ និង​ការ​ប៉ាន់​ប្រមាណ​តម្លៃ​។​ កាល​ពី​ខែ​មេសា ​ទូត​អាមេរិក​ម្នាក់​និយាយ​ថា​ វា​មាន​តម្លៃ​ថ្លៃ​ពេក ​មិន​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច​ ហើយ​នឹង​ចំណាយ​ពេល​យូរ​ពេក​ក្នុង​ការ​ផ្តល់​ជម្រើស​ជំនួស​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​។​​

អ៊ីស្រាអែល​​​ បាន​​ក្លាយ​​ជា​​ប្រទេស​​នាំ​​ចេញ​​ឧស្ម័ន​​ធម្មជាតិ​មួយ​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ ​បន្ទាប់​​​​រក​​ឃើញ​រ៉ែ​ប្រភេទ​នេះ​​​នៅ​​ឈូង​​សមុទ្រ​​ធំ​ៗ​។​ ប្រទេស​នេះ​មាន​កន្លែង​អាច​ទាញ​យក​​សំខាន់​ៗ​ចំនួន​២​នៅ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ ​ដែល​មាន​ឧស្ម័ន​ធម្មជាតិ​ប្រមាណ ​៦៩០ ​ពាន់​លាន​ម៉ែត្រ​គូប​រួម​បញ្ចូល​គ្នា​ ហើយ​កំពុង​បន្ត​រុក​រក​បន្ថែម​ទៀត​ រួម​ទាំង​កន្លែង​ដែល​ស្ថិត​នៅ​ក្រោម​ព្រំដែន​សមុទ្រ​ ដែល​មាន​ជម្លោះ​ជាមួយ​​លីបង់​។​

An employee adjusts a control valve at the Uniper SE Bierwang Natural Gas Storage Facility in Muhldorf, Germany, on Friday, June 10, 2022. Uniper is playing a key role in helping the government set up infrastructure to import liquified natural gas to offset Russian deliveries via pipelines. Photographer: Krisztian Bocsi/Bloomberg

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner