ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិនទាំងអស់ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការនៃរោងចក្រដំឡើងរថយន្ត FORD ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដំបូងគេបង្អស់នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងចំណងមិត្តភាពរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងមកនេះ និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម-វិនិយោគ ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ មួយវិញទៀត ទំនាក់ទំនងទ្វេភាគីតាមរយៈវិស័យឯកជននេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ នៅក្នុងការបង្កើនទំនុកចិត្តរយៈពេលវែងរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជានិរន្តរភាពនៃការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។ ឯកឧត្តមក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេសកម្ពុជានាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខមួយមុខនោះឡើយ ហើយទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ដោយយោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner