ខេត្តបាត់ដំបងជំរុញការអនុវត្តស្តង់ដាអប្បបរមា (SOP) និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍!

(បាត់ដំបង)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបាត់ដំបង លោកជំទាវ កែវ ដាណា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍” អមដោយពីធីបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយមានការចូលរួមពីលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អាជីវករសេវាកម្មភោជនីយដ្ឋាន/អាហារដ្ឋាន និងសិស្ស-និស្សិតសរុបចំនួន ១២៥រូប។

សិក្ខាសាលានេះ ទទួលបានការគាំទ្រពីគម្រោង “ស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER)” របស់អង្គការ UNIDO និងការគាំទ្រថវិការដោយទីភ្នាក់ងាស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានអនុវត្តក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

លោកជំទាវ កែវ ដាណា អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ថា ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ហើយកន្លងមករដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការបានខិតខំរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរហូតមកដល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន១១១ ទីតាំងដែលជាប្រភពធនធានទេសចរណ៍វប្បធម ប្រវត្តិសាស្ត្រ ធម្មជាតិ និងសហគមន៍ទេសចរណ៍ ដោយបានផ្តល់ការការកម្សាន្ត លំហែ និងការយល់ដឹងថ្មីៗដល់ភ្ញៀវទេសចរ។ លោកជំទាវបានបន្តថា កន្លងមកខេត្តបាត់ដំបង មានមោទនភាពដែលបានក្លាយជាខេត្តគោលដៅដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើនជាងគេ នៅឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ ហើយរដ្ឋបាលខេត្តកំពុងពង្រឹងគុណភាពសេវាកម្មទេសចរណ៍បន្ថែមទៀតតាមរយៈការអនុវត្តនូវស្តង់ដាទេសចរណ៍ និងបទដ្ឋាននានាដែលក្រសួងទេសចរណ៍បានចុះ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធាលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រង ហូកា បានគូសបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចរន្តភ្ញៀវទេសចក្នុងស្រុកមានសន្ទុះកើនឡើងគួរឲ្យគាត់សម្គាល់ដោយក្នុងនោះទេសចរប្រមាណជាង៣០ម៉ឺននាក់បានដើរកម្សាន្តជារៀងរាល់សប្តាហ៍ ដូច្នេះការបន្តពង្រឹងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍មិនត្រឹមតែជួយកាត់បន្ថយការរីករាលដាននៃជំងឺឆ្លងកូវីដ-១៩ នោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការការពង្រឹងគុណភាពសេវាកម្ម និងមូលដ្ឋានអាជីវកម្មផ្ទាល់តែម្តង។ ភ្ជាប់ជាមួយការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាខាងលើ គម្រោង “ស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER)” របស់អង្គការ UNIDO ក៏បានយកចិត្តទុកដាក់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ (Food and Beverage Services) ដល់អ្នកគ្រប់គ្រង និងបុគ្គលិកចំនួន ២០រូប ដោយផ្តោតសំខាន់លើជំនាញរួមមាន៖ ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល ០៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន BS Restaurant ខេត្តបាត់ដំបង ហើយបង្រៀនដោយគ្រូបង្គោលអាស៊ាន ដែលមានចំណេះ និងជំនាញច្បាស់លាស់ ដោយក្នុងនោះសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពក្រោយការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner