រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអនុញ្ញាតិឲ្យអនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមអនុរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានលើកឡើងថា ជាការពិតជំងឺកូវីដ-១៩ បានបង្កការរអាក់រអួល និងការអាក់ខានដល់ការអនុវត្តយន្តការសហប្រតិបត្តិការមួយចំនួនរវាងក្រសួងទាំងពីរក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្ដី ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរជាពិសេសគសម្ដេចផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានខិតខំស្វែងរកមធ្យោបាយជួបគ្នាតាមប្រព័ន្ធវីដេអូក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្តរក្សានូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទាំងពីរ ។

សម្តេចក៏បានយកឱកាសនេះ ថ្លែងអបអរសាទរចំពោះការប្រារពព្រឹត្តិការណ៍ កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ នៅទីតាំងកោះថ្ម X16 ដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ជាទីតាំងប្រវត្តិសាស្ត្រនៃការចាប់ផ្តើមដំណើរការឆ្ពោះទៅរកការតស៊ូក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជន។ សម្ដេចបានសម្ដែងក្ដីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងបានស្ដាប់ខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សម្តេចក៏បានសម្ដែងការអបអរសាទរ និងជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានរដ្ឋាភិបាលវៀតណាមដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកបម្រុងកាលពីពេលថ្មីៗកន្លងទៅនេះ ដែលពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃ និងគុណសម្បត្តិរបស់ឯកឧត្តមចំពោះប្រជាជននិងសង្គមជាតិវៀតណាម។ សម្ដេចក៏សូមជូនពរឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុងអនុរដ្ឋមន្ត្រីមានសុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងភារៈកិច្ច។ សម្ដេចក៏យកឱកាសនេះផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខតាមរយៈឯកឧត្តមជូនចំពោះឯកឧត្តម តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមផងដែរ។

ជាការឆ្លើយតបឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ដែលបានអនុញ្ញាតជូនគណៈប្រតិភូចូលជួបនាឱកាសនេះ និងបានសម្ដែងការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីការខកខានក្នុងការអនុវត្តនូវយន្តការសហប្រតិបត្តិការរវាងក្រសួងទាំងពីរក្នុងរយៈពេលប្រមាណពីរឆ្នាំកន្លងមកដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្ដមក៏បានសម្ដែងការគាំទ្រ និងឯកភាពដែរថាទោះបីប្រឈមនឹងវិបត្តិនេះយ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ នៅតែបន្តខិតខំរកវិធីសាស្ត្រក្នុងការបន្តរក្សានូវទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធទៅវិញទៅមក ជាពិសេសឯកឧត្ដមសូមអបអរសាទរចំពោះការចូលរួមចំណែករបស់នគរបាលកម្ពុជាក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលត្បាតនៃជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយដ៏មានសារៈសំខាន់ក្នុងការឈានទៅបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីមានការធូរស្បើយនៃជំងឺនេះ។

ឯកឧត្តមក៏យកឱកាសនេះចូលរួមអបអរសាទរចំពោះដំណើរការប្រកបដោយជោគជ័យនូវការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានប្រព្រឹត្តទៅកាលពីដើមខែមិថុនាកន្លងទៅនេះ។ ជាមួយគ្នានេះឯកឧត្តមក៏ចូលរួមជាមួយសម្ដេចក្រឡាហោម ដើម្បីអបអរសាទរការប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តមក៏ចូលរួមអបអរសាទរចំពោះការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់របស់ក្រកម្ពុជា ពិសេសបច្ចុប្បន្ន កម្ពុជាកំពុងបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២០។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់វិញ ឯកឧត្ដមក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់ និងការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនជាដើម។

ឯកឧត្ដមក៏បានលើកឡើងដែរថាប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២នេះ ហើយវៀតណាមត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធក្នុងកិច្ចការពារថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះជាមួយកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៣ខាងមុខ ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្ដម ពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង។ មុននឹងបញ្ចប់ សម្ដេច ជាថ្មីម្តងទៀត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងយកឱកាសនេះជូនពរឯកឧត្តម ព្រមទាំងគណៈប្រតិភូ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិនិងប្រជាជន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner