ក្រសួងអប់រំ ធ្វើកំណែទម្រង់ ស៊ីជម្រៅ៤ចំណុច ដើម្បីឆ្ពោះទៅ ស៊ីហ្គេម ២០២៣

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្រសួងបានរៀបចំគោលនយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ៤ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។

នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី នៅក្នុងឱកាសបើកការប្រកួតជាផ្លូវការការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀលថ្ងៃទី២២ មិថុនា ឆ្នាំ២០២២នេះ។ ៤ចំណុចសំខាន់ៗ ដែលឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីគូសបញ្ជាក់នេះ រួមមាន៖ ១.ការជួសជុលកែលម្អរ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ២. ការបណ្តុះបណ្តាលធនធានមនុស្ស ៣. ការកែលម្អរចនាសម្ព័ន្ធនៃការប្រកួត ៤. ការពង្រឹងសហព័ន្ធកីឡាជាតិ។

មិនតែប៉ុណ្ណោះក្រសួងអប់រំ យុវជន និងកីឡាក៏បានដាក់នូវកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិតក្នុងការរៀបចំឱ្យមានគុណភាពមានលក្ខណៈជាហ្គេមដូចជា៖ ១-ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ៤ប្រភេទកីឡាមកជាការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិមានជាលក្ខណៈហ្គេម (National School GAMES) ស្របតាមការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School GAMES)។ ២-ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកប្រចាំឆ្នាំ ៤ប្រភេទកីឡាមកជាការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស មានជាលក្ខណៈហ្គេម (National University GAMES) ស្របតាមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University GAMES) និងការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្តៅ (World Summer University Games)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ទៀតថា «ចំពោះកីឡាករ កីឡាការិនី ដែលមានទេពកោសល្យនឹងក្លាយជាកីឡាករ កីឡាការិនី សម្រាប់សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ហើយក៏ក្លាយជាកីឡាករ កីឡាការិនីសិស្សនិស្សិតតំណាងឱ្យកម្ពុជា ក្នុងការបន្តហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាសិស្សអាស៊ាន និងប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ជាពិសេសបន្តការហ្វឹកហាត់ទាំងបច្ចេកទេស និងកាយសម្បទា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ»។

បន្ថែមលើនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការមេឆ្ពោះទៅការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាពិសេស គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានជំរុញលើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវពាក្យស្លោក ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត ដែលត្រូវផ្តើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

«នេះបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះគឺ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព-Sport Lives in Peace” ដោយមានពាក្យស្លោកចំនួន ៤ សំខាន់៖ ១.យុទ្ធនាការប្រជាជនមា្នក់លេងកីឡាមួយប្រភេទប្រចាំជីវិត ២.កម្ពុជាស្អាត ៣.ត្រូវរួមគ្នានិយាយថាទេចំពោះគ្រឿងញៀន និង ៤.រួមគ្នាគោរពច្បាប់ចរាចរណ៍»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី។

បើតាមការបញ្ជាក់របស់លោក ហួត សេងទ្រី ប្រធានយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រកួតនេះដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ កីឡាករ កីឡាការិនីសរុប ១៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈចំនួន២០ និងឯកជនចំនួន១៨ និងមាន១២ ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា។ គោលបំណងនៃការប្រកួតជាលក្ខណៈហ្គេម គឺដើម្បីផ្តល់ឱកាសដល់និស្សិតពេញម៉ោងបានចូលរួមប្រកួតប្រជែង។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិយកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រួមទាំងលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះយើងប្រើប្រាស់ទីលានកីឡាចំនួន៥ទីតាំង គឺទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, ពហុកីឡដ្ឋានជាតិអូឡាំពិក, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner