កំណើននៃតម្រូវការប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីនៅលើទីផ្សារអាស៊ី កំពុងជំនួសឱ្យការចាកចេញនៃទីផ្សារអឺរ៉ុប ដែលនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចក្នុងការដាក់ទណ្ឌកម្មក្រុងម៉ូស្គូចំពោះការឈ្លានពានអ៊ុយក្រែន

អត្ថបទដោយ៖
AMS OneMinute

ប្រទេសធំៗនៅអាស៊ីចំនួន២ រួមមានចិន និងឥណ្ឌា បានបង្កើនការទិញប្រេងរុស្ស៊ីរបស់ខ្លួន។ ការនាំចូលរបស់ចិនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា ២៨% នៅខែឧសភា ខណៈដែលទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Kpler បានបង្ហាញថា ការនាំចូលប្រេងរុស្ស៊ីរបស់ឥណ្ឌាឡើងដល់ ៧៦០ ០០០ បារ៉ែលក្នុង១ថ្ងៃ។

ប្រធានាធិបតីរុស្ស៊ី លោក Putin បានថ្លែងក្នុងសុន្ទរកថាវីដេអូមួយទៅកាន់កិច្ចប្រជុំកំពូលពាណិជ្ជកម្មនៃបណ្ដាប្រទេស BRICS ថា៖ “ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន និងឥណ្ឌា កំពុងកើនឡើងគួរឱ្យកត់សម្គាល់”។

ការទិញរបស់បណ្ដាប្រទេសនៅអាស៊ី អនុញ្ញាតឱ្យក្រុងម៉ូស្គូរក្សាកម្រិតផលិតកម្មរបស់ខ្លួន និងផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគថាទិន្នផលប្រេងរបស់ប្រទេសនេះនឹងធ្លាក់ចុះ។ ការបង្កើនទិញប្រេងរបស់រុស្ស៊ី សម្រាប់ឥណ្ឌា និងចិន ហាក់ដូចជាបង្ហាញការគាំទ្រទៅលើសង្រ្គាមនៅអ៊ុយក្រែនដោយប្រយោល។

ប្រភព៖ New York Times

ads banner