លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាកចេញពីប្រទេសកម្ពុជានាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអញ្ជើញចូលរួមពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ដែលនឹងប្រព្រិត្ត នៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

បើតាមការបញ្ជាក់ពីឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូ ទៅកាន់ប្រទេសវៀតណាមនាពេលនេះ បានធ្វើឡើងឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ពិសេសតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា៖ បើតាមកម្មវិធី នៃដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែសម្រាប់ថ្ងៃទី២៤ ខែមិថុនា គឺថ្ងៃមីទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ( ២២ មិថុនា ១៩៦៧-២២ មិថុនា ២០២២ ) ។ នៅក្នុងពិធីមិទ្ទីងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នឹងមានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងមានការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាម មួយចំនួនទៀតទៅតាមពិធីការ នៃការទូតផងដែរ ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា សមាជិកគណៈប្រតិភូអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ រួមមាន៖ លោកជំទាវ ដួង វណ្ណា សមាជិកសភាមណ្ឌលស្វាយរៀង ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ឃួន មុំ នាយករងខុទ្ទកាល័យ ៕ដោយ :ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner