លោកប្រធានាធិបតីអ៊ុយក្រែន៖ ការទទួលបានឋានៈ ជាបេក្ខជន សហភាពអឺរ៉ុប គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សម្រាប់អ៊ុយក្រែន

ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ការសម្រេចចិត្តរបស់មេដឹកនាំសហភាពអឺរ៉ុបក្នុងការផ្តល់ឋានៈ ជាបេក្ខជនសមាជិកភាពអ៊ុយក្រែន គឺជាជ័យជម្នះសម្រាប់ប្រទេស របស់លោក។លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារតាម វីដេអូមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនក៏បានបង្ហោះវីដេអូរបស់លោក ហ្សេលេនស្គី បង្ហាញពីការដឹងគុណរបស់ខ្លួន ចំពោះប្រជាជន ដែល ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប។ លោកបានបញ្ជាក់ ដូច្នេះថា ថ្ងៃនេះអ្នកបានអនុម័តការសម្រេចចិត្តដ៏សំខាន់បំផុតមួយ សម្រាប់អ៊ុយក្រែនក្នុងរយៈពេល ៣០ឆ្នាំ នៃឯករាជ្យភាពនៃរដ្ឋ របស់យើង។

លោកបន្ថែមថា ខ្ញុំជឿជាក់ថា ការសម្រេចចិត្តនេះ មិនមែនសម្រាប់តែអ៊ុយក្រែនប៉ុណ្ណោះទេ នេះក៏ជាជំហានដ៏ ធំ បំផុតឆ្ពោះទៅរកការពង្រឹងទ្វីបអឺរ៉ុប ដែលអាចត្រូវបានអនុវត្តនៅ ពេលនេះ នៅក្នុងពេលវេលារបស់យើង និងក្នុងស្ថានភាពដ៏ លំបាក បែបនេះ នៅពេលដែលសង្រ្គាមរុស្ស៊ីកំពុងសាកល្បងសមត្ថភាព របស់យើង ក្នុងការរក្សាសេរីភាព និង ការរួបរួម។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្រេចផ្ដល់ឋានៈជាបេក្ខភាពដល់អ៊ុយក្រែនជាផ្លូវការហើយ ដែល នេះជាការបោះជំហានមួយដ៏សំខាន់ឆ្ពោះទៅរកសមាជិកភាពចូលរួមក្នុងក្លឹបប្រទេសទាំង ២៧។ ការប្រកាសខាងលើរបស់មេដឹកនាំអឺរ៉ុប ធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនានេះ។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអឺរ៉ុបក៏បានប្រកាសផ្ដល់ឋានៈជាបេក្ខភាពដល់ប្រទេសម៉ុលដាវីផងដែរ រីឯហ្ស៊កហ្ស៊ីនឹងត្រូវផ្ដល់ឋានៈបែបនេះ នៅពេលអាចបំពេញ តាមលក្ខខណ្ឌពេញលេញ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner