រុស្ស៊ី និងអ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយព្រមព្រៀងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច

តេហេរ៉ង់៖ រុស្ស៊ី និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាក្នុងការពង្រីកការធ្វើ ពាណិជ្ជកម្ម និងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ហើយថែមទាំងបានរិះគន់ការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិច។

ការអះអាងខាងលើនេះ បានកើតមានឡើងក្នុងកំលុងជំនួបរវាង រដ្ឋមន្ត្រី ការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ ជាមួយសមភាគីអ៊ីរ៉ង់លោក ហូសិន អាមៀ អាប់ឌុលឡាហៀន ក្នុងទីក្រុងតេហេរ៉ង់ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ប្រមុខការទូតទាំងពីរត្រូវបានគេរាយការណ៍ថា បានយល់ព្រមសហការ គ្នាលើវិស័យមួយចំនួនដូចជាហិរញ្ញវត្ថុ កសិកម្ម និងថាមពល។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ លោក ឡារូវ បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងព្យាយាមរារាំងការអភិវឌ្ឍ និង ការផ្លាស់ប្តូររវាងរុស្ស៊ី-អ៊ីរ៉ង់ជាមួយនឹងទណ្ឌកម្មខុសច្បាប់។ លោកថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងកាលពីឆ្នាំមុន ចំពេលមានអាកប្បកិរិយារើសអើងរបស់ប្រទេសលោកខាងលិច។

ជាមួយគ្នានេះ លោក អាមៀ អាប់ឌុលឡាហៀន បានបញ្ជាក់ថា អ៊ីរ៉ង់ ជំទាស់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹង ការដាក់ទណ្ឌកម្ម ហើយវាត្រូវតែដាក់ឱ្យដំណើរការ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner