គ.ជ.ប ប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅវេលាម៉ោង៧ព្រឹកនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ បើតាមគ.ជ.ប បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង៩ ដែលទទួលបានសំឡេងគាំទ្រ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ៩.៣៧៦ អាសនៈ នាំមុខគណបក្សនយោបាយចំនួន៨ផ្សេងទៀត។

ទាក់ទងការប្រកាសលទ្ធផលផ្លូវការនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីម៉ោង ១:០០នាទីរសៀល មកម៉ោង៧:០០នាទី ព្រឹកវិញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដដែល តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

  • ទូរទស្សន៍ជាតិកម្ពុជា (ទទក)
  • វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
  • ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
  • គេហទំព័រ គ.ជ.ប៖ www.nec.gov.kh និង electresult.nec.gov.kh
  • កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News
  • Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
  • YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៤ ខែមិថុនា បានបង្ហាញបញ្ជីបេក្ខជន នៃគណបក្សនយោបាយចំនួន៩ ក្នុងចំណោមគណបក្សនយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ក្នុងចំណោមគណបក្សនយោបាយទាំង៩ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ៩.៣៧៦ អាសនៈ ពោលគឺនាំមុខគណបក្សនយោបាយចំនួន៨ផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយចំនួន ៩ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានដូចជាៈ បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្ស ភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ។ បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ។

គ.ជ.ប បានបន្តថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២% ។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧.២៣៧.០៣៧ សន្លឹក ។ សន្លឹកឆ្នោតមិនបានការ សរុបចំនួន ១៥៧.៣៩០ សន្លឹក។ ជាមួយគ្នានេះ គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម របស់ គ.ជ.ប៕
ដោយ៖ពលជ័យ

ads banner