ឯកឧត្ដម អ៊ុ រាត្រី គាំទ្រដល់មន្ទីរ អប់រំយុវជន និងកីឡាខេត្ត ជំរុញឱ្យយុវជន ចូលរួមយ៉ាងសកម្ម ក្នុងសង្គម បំបាត់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ចេះគោរពច្បាប់ចរាចរណ៍ និងបំបាត់អំពើហិង្សា

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគាំទ្រដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លើការងារចលនាឱ្យយុវជន ចូលរួមយ៉ាងសកម្ម ក្នុងសង្គម ការបំបាត់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ចេះគោរពច្បាប់ចរាចរណ៍ និងអំពើហឹង្សា ដល់យុវជនជាដើម ។

ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ឆ្នាំ២០២១-២០២២ របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពេញ១ថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ។

លោក ឈូ ប៊ុនរឿង មានប្រសាសន៍ថា សន្និបាតនេះរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្ដល់អាទិភាពជាចម្បងទៅលើវិស័យអប់រំ ជាពិសេសទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាលើកកម្ពស់កម្រិតជំនាញរបស់យុវជន ឲ្យឆ្លើយតបតាមទីផ្សារពលកម្ម ក្នុងប្រទេស និងក្នុងតំបន់។

លោក ឈូ ប៊ុនរឿង មានប្រសាសន៍បន្តថា សន្និបាត ក៏បានធ្វើការពិចារណា និងពិភាក្សាបន្ថែមទៅលើប្រធានបទ ដែលបានត្រៀមរួចជាស្រេច ដើម្បីធ្វើឱ្យអង្គសន្និបាត ដំណើរការដោយ រលូន និងប្រមូលបាននូវចំណុចល្អៗរបស់លោកគ្រូ អ្នកគ្រូ សម្រាប់អនុវត្តន៍ក្នុងបណ្តាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។

លោក ឈូ ប៊ុនរឿង បន្តថា អង្គសន្និបាត បានផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន ១/ការផ្តល់សេវាអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះសម្រាប់កុមារចូលរៀននៅបឋមសិក្សា ២/-សាលារៀនស្អាត នាយក/នាយិកាល្អ និងគ្រូបង្រៀនល្អ
៣/-តេស្តស្តង់ដានៅមធ្យមសិក្សា ផ្លាស់ប្តូរឥរិយាបទរបស់គ្រូ សិស្ស ក្នុងការបង្រៀន និងរៀន បង្កើនលទ្ធផលសិក្សាប្រកបដោយប្រសិទ្ធភាព និងគុណភាព ៤/-មជ្ឈមណ្ឌលសហគមន៍ផ្សាភ្ជាប់នឹងការសិក្សាពេញមួយជីវិតតាមគន្លងប្រក្រតីភាពថ្មី ៥/-ការអប់រំបំណិនសតវត្សទី២១ សម្រាប់យុវជន ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅតាមសាលារៀន និង៦/-ប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត។

ឯកឧត្ដម អ៊ុ រាត្រី បានធ្វើការកោតសរសើរចំពោះ ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យ ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀន សិស្សានុសិស្សទាំងអស់ ដោយមិនខ្លាចភាពនឿយហត់ ឱ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនបំផុត ៕ ដោយ ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner