ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» សម្រាប់សិស្សនាយនគរបាលនិងនាយ នគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ៤

សៀមរាប ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មីចំនួន ១៣៥នាក់ ជានារី ១៦នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សិក្សាក្នុងរយៈពេល ៤ខែ។

បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជន់ស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែការសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បន្តទៀតថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្តាល ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។

ឯកឧត្តមនាយឧត្ដមសេនីយ៍ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបរួមមាន – ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង។- មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។- ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា។- ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » «គុណភាពមិនអាចសម្របសម្រួលបានឡើយ»។- អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្ដល់វិញ្ញាបនបត្រជូនទេ។- ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថ ការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណ សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំ ផ្តល់ជំនឿទុកចិត្តមកលើខ្លួនផងដែរ។ ក្នុងអង្គពិធីទាំងមូល ក៏បានចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner