សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាព ទោះបីកំពុងបន្តទទួលរងនូវបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនក្ដី

ភ្នំពេញ៖ ប្រមុខរាជារដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាព ទោះបីកំពុងបន្តទទួលរងនូវបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនក្ដី។ នេះបើតាមសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចតេជោ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ ដោយយល់ឃើញពីផលប៉ះពាល់ និងបញ្ហានានាដែលពិភពលោកទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ ស្ទើរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និង មនុស្សធម៌ ដែលបាននិងកំពុងបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅប្រទេស អ៊ុយក្រែននោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌” (Addressing drug challenges in heath and humanitarian crises) ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបប្រទះទៅនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពនិងមនុស្សធម៌។ ក្នុងន័យនេះ ប្រធានបទរបស់អង្គការ យូ អ៊ិន អូ ឌី ស៊ី (UNODC) ក្នុងឆ្នាំនេះ គឺមានគោលបំណងអំពាវនាវលើកទឹកចិត្តនិងជំរុញដល់បណ្តារដ្ឋជាសមាជិកទាំងអស់ ឱ្យបន្ដផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែក លើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋានចម្បង។

សម្ដេចបានបន្តថា ក្នុងនាមសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់អនុវត្តន៍ និងបំពេញកាតព្វកិច្ចយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវខ្ពស់ទាំងក្នុងកម្រិតជាតិ អនុតំបន់ តំបន់ និងអន្តរជាតិក្នុងគ្រប់កាលៈទេសៈ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២នេះ បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងបន្តទទួលរង នូវបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តោតការយកចិត្តទុកដាក់ ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅតែជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ជាការពិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាទទួលបានជោគជ័យ និងមានមោទនភាព ក្រៃលែងដែលបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា បានស្ទើរតែទាំងស្រុងពី គ្រោះមហន្តរាយដល់អាយុវជីវិតនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់រហូតមកនេះ។ ភាពជោគជ័យនេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជនយើងពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្ដល់ឱកាសដ៏មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូបក្នុងការវិលត្រឡប់មករកប្រក្រតីភាពនៃជីវភាព សង្គម សេដ្ឋកិច្ច និងបើកដំណើការប្រទេសតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ក្នុងនោះរួមទាំងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាល ស្តារនីតិសម្បទា ការងារផ្សព្វផ្សាយ អប់រំ និងការងារ អនុវត្តច្បាប់ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយនិងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជន និងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសទៅតាមច្បាប់។ ជាក់ស្តែងយើងបានប្រកាសបើកដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិ ព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅខេត្តព្រះសីហនុ ដោយទទួលយកយុវជនរងគ្រោះដោយគ្រឿងញៀន ឱ្យចូលទៅស្នាក់នៅសម្រាកព្យាបាល និងស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវ: ចំណេះជំនាញស្របតាមទីផ្សារការងារ និងបានបន្តពង្រឹងប្រសិទ្ធភាពការផ្តល់សេវា ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលណ្តោះអាសន្ន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅតាមមូលដ្ឋានជូនបងប្អូន កូនក្មួយ ចៅៗដែលជាជនរងគ្រោះដោយសារគ្រឿងញៀនជាធម្មតា។

រាជរដ្ឋាភិបាល ក៏បានបន្តដាក់ចេញនិងអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៧ នៅទូទាំងប្រទេសយ៉ាងមានប្រសិទ្ធភាព ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនធំៗជាច្រើន ករណីចាប់យកវត្ថុតាងជាគ្រឿងញៀនបានជាច្រើនរយគីឡូក្រាម និងសារធាតុគីមីផ្សំគ្រឿងញៀន ជាច្រើនតោនរួមជាមួយវត្ថុតាងផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ច និងមន្ត្រីបម្រើការងារក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយវិស័យឯកជន សាសនា អង្គការ មនុស្សធម៌ជាតិ អន្តរជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតរបស់យើង ដែលជាសក្ខីភាព បង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាពរវាងបញ្ហា សុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀនគឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំរបស់អង្គការ យូ អ៊ិន អូ ឌី ស៊ី ដោយឈរលើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋាន បើទោះបីស្ថិតក្នុងកាលៈទេសៈលំបាក និងប្រឈមយ៉ាងណាក្តី ។

ទោះបីយើងខិតខំប្រឹងប្រែងទទួលបានលទ្ធផលដូចខាងលើនេះក្តី ប៉ុន្តែដោយនិន្នាការរួម ជាសកល កម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅតែប្រឈមគួរឱ្យព្រួយបារម្ភពីការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner