វេទិកាសន្តិភាពកម្ពុជា ប្រកាសគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ វេទិកាសន្តិភាពកម្ពុជា បានសម្តែងនូវការគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ ប្រកបដោយ បរិយាកាសសេរី និងយុត្តិធម៌ នៅក្រោមលំហនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់វេទិកាសន្តិភាពកម្ពុជា បានឱ្យដឹងថា តាំងពីចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត វេទិកាសន្តិភាពកម្ពុជា ពិនិត្យឃើញថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានចូលរួមតាមនិន្នាការគណបក្សនយោបាយរៀងៗខ្លួន និងបានបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ដោយគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងដោយឆន្ទៈពិតប្រាកដ! ជាងនេះទៅទៀត ក្រោយថ្ងៃបោះឆ្នោតប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានរក្សាភាពស្ងប់ស្ងាត់ ចាំស្តាប់នូវលទ្ធផល នៃការបោះឆ្នោតប្រកបដោយភាពចាស់ទុំ និងថ្លៃថ្នូរ។

លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា មានគណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលក្នុងនោះគឺ គណបក្សប្រជាជនកម្ពុជា បានទទួលលទ្ធផលនាំមុខ គណបក្សចំនួន៨ទៀត។ នេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាចំនួនជាង៨០% ដែលបានចេញទៅបោះឆ្នោត បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតគឺ បោះឆ្នោតដើម្បីការពារសុខសន្តិភាព ស្ថេរភាពសង្គម និងដើម្បីការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។

ដោយផ្អែកលើលទ្ធផលផ្លូវការដែលប្រកាសដោយ (គ.ជ.ប) វេទិកាសន្តិភាពកម្ពុជា សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលទទួលបានអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលខ្លួនឈ្នះទទួលបានអាសនៈនោះ ឱ្យបានត្រឹមត្រូវស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត និងអនុវត្តន៍ឱ្យបាននូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព និងការអភិវឌ្ឍនានាក្នុងឃុំ សង្កាត់ ដោយធ្វើយ៉ាងណាកុំឱ្យប្រជាពីលើរដ្ឋជាម្ចាស់ឆ្នោតខកចិត្ត៕
ដោយ៖ពលជ័យ

ads banner