ត្រីមាសទី១ ឆ្នាំ២០២២ អតិផរណានៅកម្ពុជាមានអត្រា ៥.៩% កើនឡើងទ្វេដង

ភ្នំពេញ ៖ អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើងទ្វេដង ខណៈដែលឆ្នាំមុនមានអត្រា២.១%។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈទិន្នន័យនេះបង្ហាញថា អត្រាអតិផរណាក្នុងត្រីមាសទី១ នៅឆ្នាំនេះ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង៤.៦% ត្រី៥.២% ឧស្ម័ន (Gas) កើន២៨% ប្រេងសាំងធម្មតា ៣៧.២% និងប្រេងម៉ាស៊ូត ៤៤.៤%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អតិផរណាសម្រាប់ភោជនីយដ្ឋាន ដែលកាលពីឆ្នាំមុនមានត្រឹម០៣.% បានកើន៦.២% ការដឹកជញ្ជូនដែលធ្លាប់មានអត្រា-០.៥% បានកើនឡើងដល់១២.១% សុខាភិបាល ដែលធ្លាប់ស្ថិតក្នុងអត្រា -០.៣% កាលពីឆ្នាំមុន បានកើនឡើងដល់៣.៨% នៅត្រីមាសទី១ឆ្នាំនេះ។ ចំណែកគ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ បានកើនឡើងពី ០.៣% ដល់៣.៧%។ សម្លៀកបំពាក់ និងស្បែកជើងបានកើនឡើងពី ៣.៦% ដល់៨.៥%។

តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែនឹងថមថយមកវិញនៅរង្វង់២.៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុកនូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញ នៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner