UN ​ព្រមាន​ថា​ពិភព​លោក​ប្រឈម​មុខ​នឹង ​«​ភាព​អាសន្ន​មហា​សមុទ្រ​»​

អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​អង់តូនីញ៉ូ ​ហ្គូតែរ៉េស ​(Antonio Guterres)​ ព្រមាន​ថា​ ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​«​ភាព​អាសន្ន​មហាស​មុទ្រ​»​ ខណៈ​ពេល​សកម្មជន ​អ្នក​វិទ្យាសាស្ត្រ ​និង​មេដឹកនាំ​រាប់​ពាន់​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​សន្និសីទ​មហាសមុទ្រ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​​ប្រទេស​ព័រទុយហ្គាល់​ ដើម្បី​អំពាវនាវ​ឱ្យ​ពង្រឹង​វិធាន​ការ​ការពារ​សមុទ្រ​។​

លោក​ហ្គូតែរ៉េស ​ប្រាប់​អ្នក​បង្កើត​គោល​នយោបាយ​ អ្នក​ជំនាញ​ និង​អ្នក​តស៊ូ​មតិ​នៅ​ឯ​កិច្ច​ប្រជុំ​ពេញ​អង្គកាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​រដ្ឋ​ធានី​លីសបោន​ដោយ​ពណ៌នា​អំពី​របៀប​ដែល​សមុទ្រ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​ការ​បំពុល​ថា ​«​យើង​ទាញ​យក​ប្រយោជន៍​ពី​មហា​សមុទ្រ​ដោយ​មិន​ដែល​គិត​ពី​វា​ទេ​»​។​ ​

លោក​និយាយ​ថា​៖​ «​ខ្ញុំ​ជំរុញ​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​នៅ​ក្នុងស​ន្និសិទ​​​ឱ្យ​កែ​កំហុស​ទាំង​នេះ​ ហើយ​ធ្វើ​ចំណែក​របស់​យើង​ដើម្បី​មហា​សមុទ្រ​។​ យើង​​ត្រូវ​​​តែ​​ចាត់​​វិធាន​ការ​​ហើយ​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​»​។

សន្និសីទ​មហាសមុទ្រ​រយៈ​ពេល​៥​ថ្ងៃ​ ដែល​មាន​មនុស្ស​ចូល​រួម​ពី​ជាង​ ១២០ ​ប្រទេស​ផ្តោត​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​សុខភាព​របស់​មហា​សមុទ្រ​ដែល​គ្រប​ដណ្តប់​លើ​៧០​ភាគ​រយ​នៃ​ផ្ទៃ​ផែនដី​ និង​ផ្តល់​អាហារ​ និង​ជីវភាព​រស់​នៅ​សម្រាប់​មនុស្ស​រាប់​ពាន់​លាន​នាក់​។​

ក្នុង​ព្រឹត្តិការណ៍​ដដែល​ លោក ​ហ្គូតែរ៉េស ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​នានា​ឱ្យ​ប្តេជ្ញា​ផ្តល់​មូលនិធិ​បន្ថែម​ទៀត​ ដើម្បី​ជួយ​បង្កើត​គំរូ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ការ​គ្រប់​គ្រង​មហា​សមុទ្រ​។​

មហា​សមុទ្រ​​ជា​​ជម្រក​​របស់​​សត្វ​​ប្រមាណ​៧០០ ០០០ ​ទៅ ​១ ​លាន​ប្រភេទ​ ​និង​​ផលិត​​អុកស៊ីហ្សែន​​ជាង​​ពាក់​​កណ្តាល​​របស់​​ពិភព​លោក​។​ប៉ុន្តែ​វា​កំពុង​ប្រឈម​មុខ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ រួម​ទាំង​ការ​ឡើង​កំដៅ​ផែនដី​ ការ​បំពុល​ និង​ការ​ឡើង​ជាតិ​អាស៊ីត​។​​​អ្នកវិ​ទ្យា​សាស្ត្រ​ព្រមាន​ថា​ ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះក​ញ្ចក់​គឺ​ចាំ​បាច់ ​ដើម្បី​ស្តារ​សុខភាព​មហា​សមុទ្រ​ឡើង​វិញ​។​

សកម្មជន​ក៏​និយាយ​ផង​ដែរ​ថា​ ការ​ប្រែ​ប្រួល​អាកាសធាតុ​កំពុង​ជំរុញ​ឱ្យ​សីតុណ្ហភាព​ក្នុង​មហា​សមុទ្រ​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​និង​​បង្ក​ឱ្យ​ជាតិ​អាស៊ីត​កើនឡើ​ង​។​ ការ​ស្រូប​យក​ប្រហែល​១/៤​នៃ​ការ​បំពុល​ឧស្ម័ន​កាបូនិក​​​​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​សម្បូរ​ជាតិ​អាស៊ីត​ដែល​គំរាម​កំហែង​ដល់​ខ្សែ​ចង្វាក់​អាហារ​ក្នុង​ទឹក​ និង​សមត្ថភាព​ស្រូប​យក​កាបូន​របស់​មហា​សមុទ្រ​។​​យោង​តាម​កម្មវិធីប​រិស្ថាន​របស់​អង្គការ​សហ​ប្រជាជាតិ​ (UNEP)​អ្វី​ដែល​ធ្វើ​ឱ្យ​កាន់​តែ​អាក្រក់​ទៅ​ៗ​នោះ​ គឺ​​​ការ​បំពុល​ឥត​ឈប់​ឈរ​ រួម​ទាំងប្លា​ស្ទិក​ពី​រថយន្ត​ដឹក​សំរាម​ជា​រៀងរា​ល់​នាទី​។​

សន្និសីទ​មហា​សមុទ្រ​ដដែល​ ក៏​ផ្ដោត​លើ​ជលផល​សកល​សមុទ្រ​ផង​ដែរ​។​ ​​អ្នក​ស្រី​Kathryn Matthews ​ប្រធាន​អ្នក​វិទ្យា​សាស្ត្រ​នៃ​អង្គការ​Oceana ​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP ​ថា​៖​ «​យ៉ាង​ហោច​ណាស់​ ​១/៣​នៃ​ជម្រក​​​ត្រី​ត្រូវ​បាន​នេសាទ​ហួស​កម្រិត​ ហើយ​តិច​ជាង​១០​ភាគ​រយ​នៃម​ហា​សមុទ្រ​ត្រូវ​បាន​ការពារ​»។​​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner