ស្រីលង្កាប្រាប់ប្រជាជនឱ្យនៅផ្ទះ ដើម្បីបញ្ជៀសភាពចលាចល

អត្ថបទដោយ៖
AMS OneMinute

ប្រទេសស្រីលង្កាដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ថាមពល និងស្បៀងអាហារ បានឈានដល់ការដាក់កំហិតការផ្គត់ផ្គង់ប្រេងឥន្ធនៈភ្លាមៗ ហើយប្រាប់ឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីបញ្ជៀសភាពចលាចលក្នុងប្រទេសដែលអាចកើនឡើងកាន់តែខ្លាំង។

លោក Bandula Gunawardena អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីស្រីលង្កា បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ប្រកាសជាសាធារណៈថា ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បានកំណត់ការចែកចាយប្រេងឥន្ធនៈដល់សេវាកម្មសំខាន់ៗរហូតដល់ថ្ងៃទី១០ កក្កដា ដោយបន្ថែមថា ការដឹកជញ្ជូនសាធារណៈអាចនឹងមានការផ្អាក។

លោកក៏បាននិយាយថា៖ “កំពង់ផែ សេវាសុខភាព ការដឹកជញ្ជូនម្ហូបអាហារ នឹងត្រូវបានផ្តល់ជូនប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ខណៈដែលវិស័យផ្សេងទៀតទាំងអស់ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះ និងផ្តល់សេវាកម្មតាមប្រព័ន្ធអនឡាញវិញ។ ប្រទេសរបស់យើងកំពុងប្រឈមមុខនឹងស្ថានភាពហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក”។

សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបាន “ដួលរលំទាំងស្រុង” ហើយ។ នេះបើតាមការអះអាងនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe។ ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិជាបន្តបន្ទាប់ ចាប់តាំងវិបត្តិជំងឺកូវីដ១៩បានផ្ទុះឡើង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ដែលជាវិស័យចម្បងក្នុងការបង្កើតរូបិយប័ណ្ណអន្តរជាតិដើម្បីបញ្ជាទិញឧស្ម័ន និងម្ហូបអាហារពីទីផ្សារអន្តរជាតិ។

ប្រភព៖ Aljazeera

ads banner