លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសប្បាយរីករាយ ដែលទទួលបានសមិទ្ធផលថ្មីៗថែមទៀត ពីឯកឧត្តមរដ្ឋមន្ត្រី វង សូត និងក្រុមការងារ

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលមួយចំនួន នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលក្នុងនោះមានសាលារៀនមួយខ្ន ចាក់ដី ដងទង់ជាតិ របង ក្លោងទ្វារ និងមានបំពាក់អំពូលសូឡា នៃអនុវិទ្យាល័យពន្លៃ ក្នុងភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អគារសិក្សា និងទីចាត់ការថ្មីនេះ មានបំពាក់សម្ភារ បរិក្ខាទំនើបៗ និងមានសង់ជម្រាលសម្រាប់អ្នកពិការអង្គុយលើរទេះផងដែរ ។ សមិទ្ធផលនៅទីនេះ ស្ថាបនាឡើងដោយចំណាយថវិកាអស់ប្រមាណជា ៣០ម៉ឺនដុល្លារ ក្នុងនោះ ១៥ ម៉ឺន ដុល្លារគឺជាថវិការបស់ ឯកឧត្តម វង សូត ចំណែក ១៥ ម៉ឺនដុល្លារទៀត គឺជាថិការបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ។

លោក អ៊ុក ញ៉ នាយកអនុវិទ្យាល័យពន្លៃ តំណាងលោកគ្រូ អ្នកគ្រូ ថ្នាក់គ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាលក្នុងមូលដ្ឋាននេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វង សូត ដែលបានសាងសង់សាលានេះឡើង ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការអប់រំបណ្តុះបណ្តាលសិស្សានុសិស្សក្នុងមូលដ្ឋាន ។

បន្ទាប់ពីនេះ ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានអញ្ជើញទៅពិនិត្យមើលដំណើរការសាងសង់ នៃសាលាបឋមសិក្សាអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះដែរ និងអញ្ជើញបន្តពិនិត្យផ្លូវលំ ១ ខ្សែ ចាក់គ្រួសក្រហម ប្រវែងជាង ៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រែវែង ដែលត្រូវបានប្រជាពលរដ្ឋត្រេកអរសាទរយ៉ាងខ្លាំង ដោយពួកគាត់បានលើកឡើងថា មុននេះ ផ្លូវមួយខ្សែនេះពិបាកធ្វើដំណើរយ៉ាងខ្លាំង ។

ឯកឧត្តម រដ្ឋមន្ត្រី វង សូត ក៏បានអញ្ជើញទៅពិនិត្យមើលដំណើរការសាងសង់សាលាបឋមសិក្សាធ្លក ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលនៅទីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធគិតគូរក្នុងការស្ថាបនារបង ក្លោងទ្វារ និងចាក់ដីបំពេញបន្ថែមផងដែរ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner