ឯកឧត្តម អភិបាលខេត្តកែប ណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូរំដោះទឹក និងប្រឡាយបេតុងមានគម្រប ត្រូវពន្លឿនឱ្យហើយរួចរាល់មុនរដូវភ្លៀង និងស្របតាមស្តង់ដារបច្ចេកទេស

ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនានិងជួសជុលលូរំដោះទឹក ៣កន្លែង មានលូមូលទទឹងផ្លូវប្រវែង២៥ម៉ត្រ លូមូលបណ្តោយផ្លូវប្រវែង ៤៦០ម៉ែត្រ និងលូជ្រុង កំពស់ ២ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ ស្ថិតនៅភូមិកែវក្រសាំង ក្រុងកែប ខេត្តកែប និងប្រឡាយបេតុងមានគម្រប ប្រវែង ១៣៣ម៉ែត្រ លើកំណត់ផ្លូវ៣៣A មានទីតាំងពយព្រះរាជដំណាក់ ។

ខេត្តកែបជាខេត្តមានសក្កានុពលខាងវិស័យទេសចរ មានទាំង កោះ ភ្នំ សមុទ្រ ដែលសំបូរដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីកែលម្អរ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកែប ឱ្យមានភាពស្រស់បំព្រង និងទាក់ទាញភ្លៀវទេសចរមកសម្រាកលំហែ កម្សាន្ត ក្នុងខេត្តកាន់តែច្រើន និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

ថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជាអភិបាលខេត្ត និងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ខេត្តកែប ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយឡែកពេលនេះ ខេត្តកែប បានស្ថាបនាជួសជុលពង្រីកប្រព័ន្ធលូរំដោះទឹក និងប្រឡាយបេតុងមានគម្រប បន្ថែមទៀត ។

បើតាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងទាំង ២នេះ បានចាប់ផ្តើមស្ថាបនា និងជួសជុល ពីខែមីនា ឆ្នាំ២០២២ មកដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ គឺសម្រេចបាន ៥៤%នៃផែនការហើយ។

ការចុះពិនិត្យទីតាំងនៃគម្រោងទាំង ២នៅពេលនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំង២ ដែលមានលូរំដោះទឹកភ្លៀង និងប្រឡាយបេតុងមានគម្របនេះ នឹងជួយដោះស្រាយបញ្ហាការកកស្ទះកាកសំណល់រាវ និងជំនន់ទឹកភ្លៀង នៅតាមបណ្តោយ ផ្លូវជាតិលេខ៣៣A ដែលកន្លងមកក្នុងរដូវវស្សាគឺមានបញ្ហាជំនន់ទឹកភ្លៀង ដោយសាការស្ទះលូ និងលូមានទំហំតូច។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿនការជួសជុលឱ្យបានលឿន ហើយរួចរាល់មុនរដូវភ្លៀងចូលមកដល់ ធ្វើយ៉ាងណាការពារកុំឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner