ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំកម្ពុជា ចូលជួបភិក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ (Video inside)

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មី នៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

លោកជំទាវបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីកម្មវត្ថុ នៃដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកជួបឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ។

តាមរយ:លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វេង សាខុន បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការជួយអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅហាត់ការនៅប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ សរុបចំនួន ១ ៤៦៩នាក់ ហើយបច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែល ដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាម ផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្ម។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗទាក់ទងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការលើវិស័យកសិកម្ម មកពិភាក្សាក្នុងនោះមាន
១- ការបណ្តុះបណ្តាលធនធានមនុស្ស (និស្សិត) និងការផ្តល់នូវបទពិសោធន៍ដល់សាស្រ្តាចារ្យ ក្នុងការបណ្តុះបណ្តាលនិស្សិតនៅសកលវិទ្យាល័យ។
២- ភាគីអ៊ីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល។
៣- ការបង្កើតកសិដ្ឋានបង្ហាញ (Demonstration Farm) នៅកម្ពុជា។
៤- លើកកម្ពស់កិច្ចសហការលើវិស័យសន្តិសុខស្បៀង និងសន្តិសុខទឹក នៅតាមសហគមន៍ព្រៃឈើ។
៥- ពង្រឹងការងារកសិធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់និស្សិតដែលបានបញ្ចប់កម្មសិក្សាពីប្រទេសអ៊ីស្រាអែល។
៦- ពង្រឹង និងពង្រីកបច្ចេកវិទ្យាក្រោយពេលប្រមូលផល (Post Harvest Technology)។

តបតាមការអញ្ជើញរបស់លោកជំទាវ ឯកឧត្តមរដ្ឋមន្ត្រីថា នឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងវិស័យឯកជនផងដែរ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៊ីស្រាអែល នាពេលអនាគតដ៏ខ្លី ដើម្បីសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍បន្ថែមទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម និងកសិធុរកិច្ច ជាពិសេសអនុវិស័យសាកវប្បកម្ម និងប្រព័ន្ធដំណក់ទឹក រួមទាំងការកែច្នៃ៕ ប្រភព ៖ ក្រសួងកសិកម្ម ដោយ ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner