ឯកឧត្តម ស្រី ឌឹក ៖ បើចង់បានការគាំទ្រ ត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់ ហើយបើចង់ឲ្យប្រជាជនស្រឡាញ់ និងគាំទ្របក្ស ត្រូវធ្វើជាមន្ត្រីបម្រើរាស្ត្រ មិនត្រូវធ្វើខ្លួនជាមន្រ្តីជើង១០ នោះឡើយ

ខេត្តព្រះវិហារ ៖ ឯកឧត្តម ស្រី ឌឹក សមាជិក គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត បានធ្វើការរំលឹកដល់ សមាជិកសមាជិកាទាំងអស់ថា៖ បើយើងចង់បានការគាំទ្រ យើងត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់ ហើយបើចង់ឲ្យប្រជាជនស្រឡាញ់ និងគាំទ្របក្ស យើងត្រូវធ្វើឲ្យពលរដ្ឋស្រឡាញ់ចេញពីបេះដូង យើងមិនត្រូវធ្វើខ្លួនជាចៅវ៉ាយរាស្ត្រ ត្រូវតែធ្វើខ្លួនជាមន្ត្រីបម្រើរាស្ត្រ និងកុំធ្វើខ្លួនជាមន្ត្រីជើង១០ ត្រូវធ្វើជាមន្ត្រីជើង២ ទើបយើងទទួលបានការគាំទ្រ និងជោគជ័យ ។

ឯកឧត្តម ស្រី ឌឹក ថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ – ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២) នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តម ស្រី ឌឹក បានធ្វើការរំលឹកបន្ថែមទៅកាន់សមាជិកសមាជិកាថា៖ មកដល់ដំណាក់កាល យើងត្រូវយកអភិក្រមទាំង៥ ដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ទី១ ងូតទឹក ទី២ ដុះក្អែល ទី៣ ឆ្លងកញ្ចក់ ទី៤ ព្យាបាល និងទី៥ វះកាត់ ហើយចំណុចនេះ ត្រូវតែធ្វើការអនុវត្ត ចាប់ពីក្រោមរហូតដល់លើ និងពីលើចុះមកដល់ក្រោម នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៣ អាណត្តិព្រឹទ្ធសភា នាថ្ងៃខាងមុខនេះ ។

លើសពីនេះ ឯកឧត្តម ក៏បានធ្វើការជំរុញ ទៅកាន់បណ្តាឃុំទាំង៨ ក៏ដូចជាប្រធានគណបក្សស្រុក និងគណៈកម្មាធិការគណបក្សស្រុកជាំក្សាន្ត ត្រូវខិតខំដឹកនាំធ្វើការកែលម្អបញ្ហាដែលនៅសេសសល់ ពិសេសបញ្ហាដីធ្លី និងប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ដីលំនៅឋាន និងដីកសិកម្ម ត្រូវរួមគ្នាដោះស្រាយបញ្ចប់ យោងតាមស្មារតី និងការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ ដើម្បីកុំឲ្យវាកើតឡើងជាបញ្ហាប្រឈមកាន់តែធំឡើង ធ្វើឲ្យពួកគាត់បាត់បង់ជំនឿចិត្តឈប់គាំទ្រ ដែលធ្វើឲ្យសម្លេងគាំទ្រយើងបាត់ ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការបក្សស្រុកជាំក្សាន្តបានបញ្ជាក់ថា៖ ស្រុកជាំក្សាន្ត គណបក្សប្រជាជនទទួលបានអាសនៈជាមេឃុំទាំង៨ឃុំ ស្មើ100% អាសនៈក្រុមប្រឹក្សាឃុំទទួលបាន 52/56 អាសនៈ ស្មើនឹង 93.85% លើផែនការ 85%ឡើង ក្នុងនេះមាន៖
ឃុំជាំក្សាន្តទទួលបានចំនួន 9/9 អាសនៈឈ្នះដាច់។ ឃុំទឹកក្រហមទទួលបានចំនួន 7/7 អាសនៈឈ្នះដាច់។
ឃុំរំដោះស្រែទទួលបានចំនួន 7/7 អាសនៈឈ្នះដាច់។ ឃុំកន្ទួតទទួលបានចំនួន 7/7 អាសនៈឈ្នះដាច់។
ឃុំស្រអែមទទួលបានចំនួន 7/7 អាសនៈឈ្នះដាច់។ ឃុំមរកតទទួលបានចំនួន 7/7 អាសនៈ(ពុំមានគូរប្រគួតប្រជែង)។
ឃុំព្រីងធំទទួលបានចំនួន 3/5 អាសនៈ ឃុំយាងទទួលបានចំនួន 5/7 អាសនៈ បើធៀបនិងលទ្ធផលបោះឆ្នោតឆ្នាំ២០១៧ អាណត្តិ ទី០៤ គណបក្សប្រជាជនកម្ពុជា យកអាសនៈបានមកវិញ 6/10 អាសនៈ ៕ ដោយ ៖ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner