ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងចិន បានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជាំនៅយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេសបញ្ជាក់ថា ឯកឧត្តមទាំងពីរបានជួបពិភាក្សាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ឯកឧត្តមក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ ឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» នឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅក្នុងកាលៈទេសៈនៃការគំរាមកំហែងពិភពលោកដែលមិនធ្លាប់មានពីមុនមក។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តម ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្តីការបរទេស MLC ដទៃទៀត ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធអាគារអង្គភាពសម្របសម្រួលជាតិនៃ MLC របស់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាហ្កាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថានឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេស MLC ផ្សេងទៀត សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ MLC សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner