ស៊ីម៉ាក់នឹងប្រើ ពេល១ខែ បោសសំអាតគ្រាប់មីនឲ្យអស់ នៅឃុំប៉ោយចារ តំបន់អាងត្រពាំងថ្ម និងទូទាំងស្រុកភ្នំស្រុក រួចប្រកាសជាតំបន់គ្មានមីន

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា កម្លាំងជំនាញដោះមីនរបស់អង្គភាពស៊ីម៉ាក់ នឹងប្រើប្រាស់រយៈពេល១ខែ ដើម្បីបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់នៅក្នុងឃុំប៉ោយចារ តំបន់អាងត្រពាំងថ្ម និងទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បន្ទាប់មកប្រកាសដាក់ជាតំបន់គ្មានមីន ។

ការបញ្ជាក់របស់ ឯកឧត្តម ធ្វើឡើងបន្ទាប់ពីចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយកម្លាំងប្រតិបត្តិការ នៃកងឯកភាពកំចាត់មីនទី១ ទិសបន្ទាយមានជ័យចំនួន ១៧៣នាក់ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងការបោសសម្អាតគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ។

ឯកឧត្តម ហេង រតនា បញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងអង្គភាពស៊ីម៉ាក់ ប្រចាំទិសបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីន ក្នុងតំបន់ខាងលើនេះ ត្រូវប្រើប្រាស់កំលាំងចំនួនជាង ៥០នាក់ ដោយប្រើប្រាស់កំលាំងគ្រឿងចក្រ កំលាំងសុនខ និងកំលាំងបច្ចេកទេសតាមការចាំបាច់ ដោយអាចប្រើរយៈពេល ១ខែ (ក្នុងខែកក្កដា) ក្នុងការបោសសម្អាត»។

សូមបញ្ជាក់បន្ថែមថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅស្រុកភ្នំស្រុកទាំងមូល ដែលបូករួមទាំងឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម មានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យមានចម្ការមីនចំនួន៨ និងមានផ្ទៃដីសរុបជាង ២៥ហិចតា ដែលសល់មិនទាន់បានបោសសំអាត ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន កាលនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន ។
ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំង ដោយគ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោនាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន សម្តេចសូមអរគុណទុកជាមុន។ បន្ទាប់ពីមានការអំពាវនាវនេះ មានទាំងមន្ត្រីរាជរដ្ឋាភិបាល ពាណិជ្ជករ សិល្បករ សិល្បការិនី និងអង្គការ សមាគមន៍នានា បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ បង្ហាញឲ្យឃើញពីការសាមគ្គីជាតិ ក្នុងបញ្ចប់បញ្ហាគ្រាប់មីននៅកម្ពុជា ៕ ដោយ ៖ Page

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner