រដ្ឋបាលខេត្តព្រៃវែង ដាំដើមឈើចម្រុះ ៣៥០ដើម និងចែកកូនឈើចំនួនជាង ២០០០ដើមទៀតដល់ពលរដ្ឋ ក្នុងពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្រុកបាភ្នំ

(ព្រៃវែង)៖ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ បានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ ដាំដើមឈើចម្រុះ ៣៥០ដើម និងចែកកូនឈើចំនួនជាង ២០០០ដើមទៀតដល់ពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ ចលនាដាំដើមឈើបានកកើត ឡើងតាំងពីទស្សវត្សទី៣០ មកម្ល៉េះ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុព្រះមហាវីរៈក្សត្រ ព្រះបរមរតនៈកោដ្ឋនៃយើង ដែលនៅពេលនោះមានឈ្មោះ ថា ៖ “ទិវាហត្ថកម្មដាំដើមឈើ ” ការងារដាំដើមឈើត្រូវបានជំរុញយ៉ាងសកម្ម ដោយមានការចូលរួម យ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយជាបណ្ដើរៗសកម្មភាពដ៏ទូលំទូលាយនេះ បានក្លាយជាចលនាសង្គមគំរូមួយ ដែលនៅទីបំផុតត្រូវទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា”បុណ្យរុក្ខទិវា”(ដែលកំណត់ដោយព្រះរាជក្រិត្យលេខ ៧៣៨ ន.ស ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៥២) បន្តរហូត មកដល់បច្ចុប្បន្ននេះ។

លោកបន្តថាជារៀងរាល់ឆ្នាំខេត្តព្រៃវែង តែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដី ទំនេរសាធារណៈ តាមវត្តអារ៉ាម សាលារៀន និងដាំក្នុងពិធីបុណ្យ រុក្ខទិវា បានចំនួន ៣៤លើក និងបានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ បានប្រមាណជាង ៧៥ម៉ឺនដើម សំរាប់ធ្វើការចែកចាយជូនប្រជា ពលរដ្ឋ ព្រះសង្ឈ និងស្ថាប័នផ្សេងៗទៀត និងដាំក្នុងពិធីសម្ភោធសមិទ្ធិផលនានាជារៀងរាល់ឆ្នាំ។ ដោយ ឡែកនៅឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បណ្តុះកូនឈើចម្រុះប្រភេទបានចំនួន ៣៧.៨៤១ ដើម មានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និង ប្រភេទឈើហូបផ្លែ ជាដើម។ល។

ថ្លែងនៅក្នុងឱកាសនោះលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងឱកាសបុណ្យរុក្ខទិវា ឆ្នាំនេះ ដោយមានការឯកភាព និងគាំទ្រពីឯកឧត្ដមអភិបាលខេត្ត បានកំណត់យកទីតាំងបរិវេណស្នាក់ការសាខាកាកបាទក្រហមស្រុកបាភ្នំ និង តាមដងផ្លូវជុំវិញសាលាស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីប្រារព្ធពិធី បុណ្យដាំដើមឈើចំរុះប្រភេទប្រមាណជាង ៣៥០ដើម និងមានកូនឈើចម្រុះប្រភេទប្រមាណជាង ២.០០០ដើម សម្រាប់ប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារ៉ាម សាលារៀន និងតាមលំនៅដ្ឋាន ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ នូវប្រភេទឈើក្រញូង, បេង , កកោះ, គគីរ , ឈើទាល និង កូនឈើហូបផ្លែ ខ្នុរ,ស្វាយ , ម្រុំ, ស្តៅ ទន្ទឹមនឹងនេះបាននឹងកំពុង រៀបចំផែនការដាំដើមឈើនិងចែកចាយកូនឈើតាមវត្តអារាម សាលារៀន តាមផ្លូវសាធារណៈ និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្ត ។

លោកអភិបាលរង ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នា ដើម្បីចូលរួមចំណែក ក្នុងការបង្កើន បរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ ៕ ដោយ ៖ នុត នាង

ads banner