រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ សហគ្រាសឯកជន បាននឹងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សហគ្រាសឯកជន បាននឹងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេស ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បី បង្កើនតម្លៃបន្ថែម។

ឯកឧត្តមបន្តថា តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិ ជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជនបាននិង កំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ។ល។ ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់ លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាព ចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះ បណ្តាលផងដែរ ។ដើម្បីចូលរួម ចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវ គិតគូជួយ គាំទ្រ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង។ ហេតុផលសំខាន់ៗ ទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ ចំពោះ សហគ្រាសទាំង១៧ ដែលបានបំពេញតាមលក្ខណ្ឌតម្រូវ ត្រូវទទួល បានកញ្ចប់វិនិយោគពីកម្មវិធី VCIS ក្នុងនោះមានការគាំទ្រផ្នែក ឧបករណ៍ សម្ភារ និងបច្ចេកទេសបម្រើដល់ដំណើរការផលិតកម្ម ផលជលផលក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍ សុវត្ថិភាពចំណីអាហារ។ កញ្ចប់វិនិយោគដែលប្រគល់ជូនសហគ្រាស ទាំង ១៧ មានទឹកប្រាក់ សរុបប្រមាណប្រាំសែនដុល្លារ ដោយមិនរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។

ការថ្លែងគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងក្នុង ពិធីប្រគល់ កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេល ប្រមូលផល ដែលរៀបចំឡើងដោយរដ្ឋបាលជលផល សហការជាមួយ អង្គការ UNIDO នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបានផ្តល់កិច្ចសហការក្នុងភាពជាដៃគូ ជួយគាំទ្រកម្មវិធី CAPFISH ហើយតាមរយៈកម្មវិធីនេះ UNIDO បានសហការជាមួយ រដ្ឋបាលជលផលបាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយពេលប្រមូលផល។ ឯកឧត្តមបន្តថា ដើម្បីធានាគុណភាព និង សុវត្ថិភាព ផលិតផលត្រី ក្រសួងបានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំ គោល នយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍”។ ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផល បាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យ គុណភាព សុវត្ថិភាពផលិតផល មានឈ្មោះថានិមិត្តសញ្ញា គុណភាព កម្ពុជា (CQS)។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង១៧ នឹង ចូលរួមអនុវត្តឲ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ ទាក់ទង បច្ចេកទេស កែច្នៃផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ និងផលិតផល ធានាលើកជ្រោងកាន់ តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ឈានទៅធ្វើការ ប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ។

ឯកឧត្តមក៏បានស្នើសុំបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយ គាំទ្រ លើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផល វារីវប្បកម្មផងដែរ៕ ប្រភព៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner