គ​.​ជ​.​ប ​លើកយក​ប្រធានបទ​ធំៗ​ចំនួន​ប្រាំ​មក​ពិភាក្សា​ក្នុង​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២

​ភ្នំពេញៈ ប្រធានបទ​ធំៗ​ចំនួន​ប្រាំ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​លើក​យកមក​ពិភាក្សា​ក្នុង​“​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២” នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះនា​ខេត្ត​ព្រះសីហនុ​។

“​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២” នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះនា​ខេត្ត​ព្រះសីហនុ​(រូបថតគ.ជ.ប)

​លោក​ នុត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ថ្លែងថា សន្និបាត​នាពេលនេះ មាន​គោលបំណង​សំខាន់​គឺ​ធ្វើការ​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងមកនេះ​។​

​អនុប្រធាន គ​.​ជ​.​ប បាន​បន្តទៀតថា ទោះបីជា​គ.ជ.ប ​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រេចបាន​នូវ​លទ្ធផល​ជោគជ័យ​យ៉ាងណាក្ដី ក៏​យើង​នៅតែ​សង្កេតឃើញថា​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួមចំណែក​ដោះស្រាយ​តាមរយៈ​អង្គសន្និបាត​នេះ​។

“​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២” នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះនា​ខេត្ត​ព្រះសីហនុ​(រូបថតគ.ជ.ប)

​នៅពេល​ពិភាក្សា​លើ​ប្រធានបទក្នុងនាមគ.ជ.បនិង​ខ្លួន​លោក​ផ្ទាល់ លោក​ស្នើ​សូមឱ្យ​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​ចូលរួម​ពិភាក្សា​លើ​ប្រធានបទ​ឱ្យបាន​ផុលផុស ដោយ​លើកយក​បញ្ហា​ប្រឈម​សំខាន់ៗ ផ្ដល់​ជា​យោបល់ ឬ​លើក​ជា​សំណូមពរ ឬ​អនុសាសន៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​សេចក្ដីថ្លៃថ្នូរ លើ​ប្រធានបទ​ធំៗ​ចំនួនប្រាំ គឺ​៖ ទី​១- ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។ ទី​២- ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​។ ទី​៣- ការឃោសនាបោះឆ្នោត​។ ទី​៤- ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​។ ទី​៥- ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​។​

​លោក​សង្ឃឹម និង​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​សន្និបាត​នេះ រាល់​មតិយោបល់ ឬ​សំណូមពរ និង​អនុសាសន៍​របស់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី​ដែល​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ដែល​ស្របទៅនឹង​ច្បាប់ បទបញ្ជា និង​ឧត្ដ​មា​នុ​វត្ត​ន៍ ជា​ធាតុ​ចូល​គន្លឹះ និង​វិភាគទាន​ដ៏​ថ្លៃថ្លា​ក្នុងការ​រួមចំណែក​កែលម្អ​ការបោះឆ្នោត​ខាងមុខ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​៕ ដោយ៖ពល​ជ័យ​

“​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២” នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះនា​ខេត្ត​ព្រះសីហនុ​(រូបថតគ.ជ.ប)
ads banner