ឯកឧត្តមអភិបាលខេត្កំពង់ឆ្នាំង ៖ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និងជំទប់ឃុំ ត្រូវរួមសាមគ្គីគ្នា ក្នុងការដឹកនាំភូមិ ឃុំ របស់ខ្លួនឲ្យទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ

កំពង់ឆ្នាំង ៖ ក្នុងពិធីប្រកាសមុខតំណែងក្រុមប្រឹក្សាឃុំ និងមេឃុំជ្រៃបាក់ថ្មីក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្នុងពេលទទួលតំណែងក្រុមប្រឹក្សាឃុំថ្មី និងមេឃុំថ្មីក្នុងអាណត្តិទី៥នេះ លោកប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និងជំទប់ឃុំត្រូវរួមសាមគ្គីគ្នា ក្នុងការដឹកនាំភូមិឃុំរបស់ខ្លួនឲ្យទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ។

ទន្ទឹមនេះដែរត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យបានទាន់ពេលវេលារាល់សំណូមពរ និងតម្រូវការជាបន្ទាន់នានារបស់ប្រជាពលរដ្ឋ ដូចជាសេវាសាធារណៈ សេវាសុខភាព សេវាអប់រំសិក្សាធិការ ។ ហើយក៏ត្រូវជំរុញឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ប្រជាការពារភូមិ ចូលរួមគ្រប់សកម្មភាព ពង្រឹងភូមិឃុំមានសុវត្ថិភាព គ្មានក្មេងទំនើង គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសងគ្មានចោរលួច ចោរប្លន់ ។ យកចិត្តទុកដាក់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា ការសម្របសម្រួលផ្សះផ្សារឲ្យប្រជា ពលរដ្ឋបញ្ចប់ទំនាស់ឈរលើគោល ការណ៍ច្បាប់ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងពេលកាន់ដំណែងនេះដែរក្រុមប្រឹក្សាឃុំត្រូវដាក់ចេញនូវផែនការអភិវឌ្ឍភូមិឃុំរយៈពេល ៥ឆ្នាំឱ្យបានច្បាស់លាស់ ដោយលើកទិសដៅអនុវត្តឱ្យបាននូវផែនការប្រចាំឆ្នាំទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

នៅក្នុងពិធីនេះដែលលោក តាំង ប៊ុនទត ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំជ្រៃបាក់ និងក៏ជាមេឃុំជ្រៃបាក់ផងដែរ , លោកចាន់ឡេង សមាជិកក្រុមប្រឹក្សាឃុំ និងក៏ជាជំទប់ទី ១ ឃុំផងដែរ លោកឡេងសុថា ជាជំទប់ទី ២ ឃុំ រួមនិងបុរស ៣នាក់ និងស្ត្រីម្នាក់ទៀតជាសមាជិកក្រុមប្រឹក្សាឃុំ ។

លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ក្រោយពីទទួលបានតំណែងថ្មីនេះក៏បានប្តេជ្ញាចិត្ត ដឹកនាំក្រុមប្រឹក្សាឃុំនិងសមាជិកឃុំទាំងអស់យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីអភិវឌ្ឍភូមិឃុំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលការណ៍ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងនោះត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នកផ្ដល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋ និងធ្វើអ្វីៗទាំងអស់ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner