ឯកឧត្តម ហ៊ុន ម៉ាណែត៖លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជា អ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោតហើយប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណជាង ៨០ភាគរយ បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាសក្ខីភាព បង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ជាពិសេសលទ្ធផលក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពនិងការរីក ចម្រើនទៅមុខ។

ពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនិងពិធី អបអរសាទរខួបលើកទី១៤នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២

ការបញ្ជាក់នេះ ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនិងពិធី អបអរសាទរខួបលើកទី១៤នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជាជានិច្ចជាកាលគឺ ឈរលើបុព្វហេតុជាតិនិងប្រជាជនជាកត្តាអាទិភាពខ្ពស់បំផុតដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ការចូលរួមចំណែកការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិ ទាំងក្នុងដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាកកាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរនិងអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងសំណង់ព្រះវិហារថ្មី រួមនឹង​​សមិទ្ធផល​នានាជាច្រើននៅក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ហើយលក្ខណៈពិសេសរបស់ទីអារាមនេះគឺស្ថិតនៅក្នុងតំបន់ដែលកាលពីអតីតកាលគឺជាតំបន់គ្មានប្រជាជនរស់នៅ,គ្មានហេដ្ឋារចនាសម្ព័ន្ធនិងសម្បូរទៅដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប៉ុន្តែសព្វថ្ងៃមានវត្តអារាម,សាលារៀន,មណ្ឌលសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតបម្រើឱ្យសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក៏ដូចជាផ្នែកមួយនៃការការពារនូវកេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរដែលមានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្មរវាងប្រាសាទបុរាណ បរិស្ថាននិងសហគមន៍ ប្រជាពលរដ្ឋ។

ពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនិងពិធី អបអរសាទរខួបលើកទី១៤នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាពិធីនេះក៏ប្រព្រឹត្តិទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូច្នេះ សូមយកឱកាសនេះសម្តែងនូវការគោរពដឹងគុណថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដែលបានកសាងនិងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រដ៏ច្រើនអនេក និងថ្វាយចំពោះ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជបូនីយកិច្ចតស៊ូទាមទារ រហូតឈ្នះក្តីនៅតុលាការអន្តរជាតិទីក្រុងឡាអេនាថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ព្រមទាំងគោរពជូនចំពោះវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខអាន ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងដំណើរការនៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារបូរណភាពទឹកដីដោយមិនឱ្យបាត់បង់ សូម្បី១មីលីម៉ែត្រហើយក៏មិនរំលោភបំពានប្រទេសជិតខាងសូម្បី១មីលីម៉ែត្រដូចគ្នានិងប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។សម្តេចតេជោនឹងនៅបន្តដឹកនាំធានាការពារដាច់ខាតនូវបូរណភាពរបស់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការយូណេស្កូ។ ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបើកឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនបង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនបែបនេះ ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាមរយៈសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម។ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាពនៃ សមិទ្ធផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុតដូច្នេះសូម ប្រជាជនកម្ពុជាទាំងនៅក្នុងមូលដ្ឋាននេះក៏ដូចជានៅទូទាំងប្រទេសសូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើននិងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត៕ ដោយ៖ពលជ័យ

ads banner