ជ្រូកនាំចូលដោយខុសច្បាប់ចំនួន ៨០ក្បាល ដែលរកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានអាជ្ញាធរដុតកម្ទេចចោល

ភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ បានថ្លែងផ្ញើសារដល់ឈ្មួញមិនសុចរិតដែលនាំជ្រូកចូលដោយខុសច្បាប់ថា នេះគឺជាការបង្ហាញឱ្យឃើញថា អាជ្ញាធរមានវិធានម៉ឺងម៉ាត់ ! ឈ្មួញទាំងឡាយដែលរកស៊ីមិនស្របច្បាប់ មិនគួរប្រថុយប្រថានទេ ! សាកគិតទៅមើល ជួញដូរមួយជើងចំណេញបានប៉ុន្មាន ? ដើម្បីចំណេញតែម្នាក់ឯង ហើយបើជ្រូកទាំងនោះមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬ ជំងឺផ្សេងៗទៀតនោះ ហើយប្រសិនបើត្រូវបានចែកចាយនៅលើទីផ្សារ តើវានឹងប៉ះពាល់យ៉ាងណាដល់សុខភាពអ្នកបរិភោគ ដែលសុទ្ធតែជាប្រជាជនខ្មែរដូចគ្នា ហើយប៉ះពាល់យ៉ាងណាដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។

ឯកឧត្តម តាន់ ផាន់ណារ៉ា ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីដុតកម្ទេចជ្រូកចោលចំនួន ៨០ក្បាល ដែលធ្វើឡើងនៅក្នុងភូមិសាស្ត្រភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នេះ ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថ្លែងថា ក្នុងនាមកសិករចិញ្ចឹមសត្វទាំងអស់នៅទូទាំងប្រទេស សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលសកម្មក្នុងការទប់ស្កាត់ការនាំសត្វចូលដោយខុសច្បាប់ពីប្រទេសជិតខាង ព្រោះការនាំសត្វចូលដោយខុសច្បាប់គឺជាគ្រោះថ្នាក់ខ្លាំងសម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ។

សូមជម្រាបថាជ្រូកដែលត្រូវបានដុតកម្ទេចចោលនៅថ្ងៃនេះមានចំនួន ៨០ក្បាល ហើយគឺជាជ្រូកដែលត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជាជំងឺដ៏កាចសាហាវបំផុតមួយសម្រាប់វិស័យចិញ្ចឹមជ្រូក ។ ព្រោះថា ឱ្យតែជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះចូលដល់ក្នុងកសិដ្ឋានណាមួយហើយនោះ វានឹងបំផ្លាញ ពោលគឺវានឹងធ្វើឱ្យជ្រូកនៅក្នុងកសិដ្ឋាននោះងាប់ទាំងអស់ បន្ទាប់មកវាអាចនឹងសាយភាយទៅសម្លាប់ជ្រូកនៅកន្លែងផ្សេងទៀត អាចរហូតដល់វិនាសខ្ទែចខ្ទីអស់នៅទូទាំងប្រទេស ប្រសិនបើទប់ស្កាត់មិបានទាន់ពេលវេលាទេនោះ ដែលករណីប្រហាក់ប្រហែលនេះ ធ្លាប់បានកើតឡើងម្តងហើយនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា ជ្រូកដែលត្រូវបានដុតកម្ទេចចោលនៅថ្ងៃនេះ គឺជាជ្រូកដែលមន្ត្រីសមត្ថកិច្ច នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមប្រមាញ់ស្ទាក់រហូតចាប់បាននៅលើផ្លូវជាតិលេខ១ ក្នុងចំណុច ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រែវែង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ហើយយកទៅរក្សាទុកនៅកន្លែងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតរកឃើញថាមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏ជាទីភ័យខ្លាចនេះ ទើបយកមកដុតកម្ទេចចោលបែបនេះ ហើយជ្រូកនោះ ត្រូវបានឈ្មួញនាំចូលដោយខុសច្បាប់តាបច្រកស្វាយអាង៉ោង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕ ប្រភព ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner