សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះអប់រំសព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការបង្ការទប់ស្កាត់នៃជម្ងឺគ្រុនឈាម តាមសហគមន៍ ក្នុងក្រុងព្រៃវែង

(ព្រៃវែង៖) ដោយបានកាយកចិត្តទុកដាក់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយ មន្ទីរសុខាភិបាលខេត្តបាននៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការបង្កើនការទប់ស្កាត់នៃជំងឺគ្រុនឈាមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យគាត់យល់ដឹងកាន់តែច្បាស់ អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមតាមរយៈមូសខ្លាញីនៅក្នុងរដូវធ្លាក់ភ្លៀងនេះ។

ថ្លែងនៅក្នុងឱកាសនោះ លោក រស់ចាន់ ណាវុឌ្ឍ ប្រធានការិយាល័យកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាមខេត្តព្រៃវែង បានលើកឡើងថា មកដល់ឆ្នាំ២០២២នេះគឺមានអ្នកកើតនៅជំងឺគ្រុនឈាមតែ ៥ ករណីប៉ុណ្ណោះ ហើយក៏បានព្យាបាលជាសះស្បើយហើយដែរ។

លោកបានបន្ថែមថា កត្តាដែលកើតជំងឺគ្រុនឈាមគឺមកពីមូសខ្លាញីដែលជាប្រភពនៃការចម្លងជំងឺគ្រុនឈាមមកលើមនុស្សគ្រប់វ័យ មិនថា ចាស់ ក្មេងនោះទេ ហើយកត្តាមួយទៀតនោះគឺបណ្ដាលមកពីមានព្រៃច្រើននៅជុំវិញផ្ទះ, ផ្ទះបិទជិតមិនមានពន្លឺចេញចូលល្អ ,មានថ្លុក, សំបកកំប៉ុង ,កង់ឡាន ជាដើមដែលជាកន្លែងជម្រកមូសខ្លា។ រោគសញ្ញាជម្ងឺគ្រុនឈាម មាន ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី ២៤ម៉ោង និងមានកន្ទួលក្រហមលើស្បែក រឺឈឺក្បាល និងឈឺខ្លួនប្រាណ។

ជាមួយគ្នានេះ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានលើកឡើងផងដែរថា ដើម្បីបង្កាទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងសហគមន៍របស់យើង គឺត្រូវចូលរួមទាំងអស់គ្នា ដោយត្រូវប្រមូលសំបកកំប៉ុងរបស់របរសម្ភារៈដែលអាចដក់ទឹកបានត្រូវកប់ចោល ឬដុតចោលអោយអស់ ត្រូវដាក់ថ្នាំអាបេតនៅក្នុងពាងទឹក ឬដាក់ត្រី ៧ ពណ៌ ដែលជាប្រភពនៃជម្រកមូសខ្លានៅក្នុងពាងទឹក ឬនៅក្នុងសំបកក៏កំប៉ុងនោះ ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោះសម្អាតឱ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃឱ្យមានពន្លឺចេញចូលល្អ ដើម្បីកុំឲ្យមានមូសខ្លាខាំ នៅពេលយើងសម្រាកនៅពេលថ្ងៃ និងត្រូវគេងនៅក្នុងមុង ឬកមុងជ្រលក់ថ្នាំអោយបានត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ឬជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈមូសផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះគឺធ្វើគ្រប់ភូមិទាំងអស់ក្នុងក្រុងព្រៃវែងទាំង៤សង្កាត់ ស្មើនិង ២៣ ភូមិតែម្តង តាមថ្ងៃបន្តបន្ទាប់ ៕ នុត នាង

ads banner