ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំ ៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន

(ស្វាយរៀង)៖ ឯកឧត្តម ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងលើកឡើងថា រយៈពេល ៤១ ឆ្នាំប្រទេសកម្ពុជាមានសុខសន្តិភាពនិងការបង្រួបបង្រួមជាតិ ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ហើយពលរដ្ឋមានសិទ្ធិក្នុងការប្រកបរបររកស៊ីគ្រប់បែបយ៉ាងនិងមានជំនឿលើសាសនាផ្សេងៗដែលខ្លួនស្រឡាញ់ផងដែរ ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ចាន់ កុលបុត្រ បានធ្វើឡើងនៅក្នុងវិធីប្រគេនទៀនព្រះវស្សានិងទេយ្យទានព្រមទាំងបច្ច័យមួយចំនួនដល់វត្តចំនួន៣ក្នុងឃុំពងទឹករួមមាន៖វត្តព្រៃតាយ័ន្ត វត្តទួលតាកែវ និងវត្តសេកមាស នាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២២ ដែលមានចូលរួមពី លោក ឯក សាររឿន ក្រុមការងារ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

ឯកឧត្តម បានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថា ព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តម បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មិនថា ពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត និងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេសដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ឯកឧត្តម បន្ថែមថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា ៕ ដោយ ៖ នុត នាង

ads banner