បុរសម្នាក់បើករថយន្តទំនើបទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខវិទ្យាល័យ ជា សុីម សាមគ្គី បាក់អស់ ២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងទាំងខ្លួនស្រវឹងស្រា ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ និងធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងដែរមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Toyota Vios ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AQ-1120 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន០២កង់ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ បន្ទាប់មកគេឃើញបុរសម្នាក់ដែលជាអ្នកបើករថយន្តបង្កបានបើកទ្វាចេញមកក្រៅទាំងស្ថានភាពស្រវឹងស្រា នេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬមនុស្សណាម្នាក់ ។

ក្រោយមក បុរសម្នាក់ដែលបើករថយន្តបង្កបានជិះម៉ូតូជាមួយអ្នកផ្សេងចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ ខណៈសមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner