ឯកឧត្តម ប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារជាមួយ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

មុននឹងចាប់ផ្តើមពិភាក្សាការងារ ឯកឧត្តម រដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះគ្រួសារឯកឧត្តម ស៊ីនហ្សូ អាបេ ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។

ឯកឧត្តម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកសាស្រ្តាចារ្យ និងសហការី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA ជាពិសេសការគាំទ្រឥតឈប់ឈររបស់វិទ្យាស្ថាន ERIA ក្នុងការអភិវឌ្ឍធនធានមនុស្ស និងវិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ បើទោះបីជាមានបញ្ហាប្រឈមបណ្តាលមកពីជំងឺរាតត្បាត COVID-19 ក៏ដោយ ។

ឯកឧត្តម ប៉ាន សូរស័ក្ត បានបញ្ជាក់ផងដែរ អំពីវឌ្ឍនភាពនៃការអនុវត្តសមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងបានថ្លែងអំណរគុណដល់វិទ្យាស្ថាន ERIA ដែលបានផ្តល់ការសហការគាំទ្រ កន្លងមក ជាពិសេសការរៀបចំសៀវភៅស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)៖ ផលប៉ះពាល់ បញ្ហាប្រឈម និងការរីកចម្រើននាពេលអនាគតនៃអាស៊ីបូព៌ានិងអាស៊ាន” ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI ) នៃក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន ERIA និងសង្ឃឹមយ៉ាងមុតមាំថាវិទ្យាស្ថាន ERIA នឹងបន្តដើរតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជា ដើម្បីធានាឱ្យមានការចូលរួមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៅក្នុងក្របខ័ណ្ឌអាស៊ាន។

ជាការឆ្លើយតប លោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA បានសម្តែងគាវរកិច្ចនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានសមានចិត្តរំលែកទុក្ខជាមួយគ្រួសារ ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ចំពោះការបាត់បង់លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាស្ថាបនិកមួយរបស់វិទ្យាស្ថាន ERIA។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីប្រវត្តិនៃការបង្កើតវិទ្យាស្ថាន ERIA និងការចូលរួមចំណែករបស់វិទ្យាស្ថានក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ក៏ដូចជាឆ្នាំ២០២២ នេះ។ ក្នុងនោះវិទ្យាស្ថាន ERIA បាននឹងកំពុងអនុវត្តគម្រោងចំនួន ១៧ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីគាំទ្រដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២ ដូចជាការសិក្សាស្តីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ ៣.០ ដែលផ្តោតសំខាន់លើសមាហរណកម្មសេដ្ឋកិច្ច នវានុវត្តន៍ បរិយាប័ន្ន និងចីរភាពក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រពី ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដើម្បីជំរុញការអនុវត្តគម្រោងទាំងអស់របស់វិទ្យាស្ថានឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។

គួរជម្រាបផងដែរថា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) គឺជាអង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងជាផ្លូវការក្នុងចំណោមប្រមុខរដ្ឋាភិបាលចំនួន១៦ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើក ទី៣ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧។

វិទ្យស្ថាន ERIA ធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន អាស៊ាន ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវនានា ក្នុងការវិភាគ និងផ្តល់អនុសាសន៍គោលនយោបាយ ជាដើម ដើម្បីគាំទ្រដល់ដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ វិទ្យាស្ថាន ERIA ក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសមត្ថភាព និងការស្រាវជ្រាវនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ផងដែរ៕ ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner