អភិបាលក្រុងបាវិតនាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសចំនួន ៤វត្ត នៅសង្កាត់បាវិត ក្រុងបាវិត

ស្វាយរៀង៖ លោក លឹម សៀង ហេង អភិបាលក្រុងបាវិត និងមន្ត្រីរាជការសាលាក្រុង បានមូលមតិគ្នា នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន៤វត្ត នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅវត្តពោធិថ្មីហៅវត្តបាវិត នាព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

លោក លឹម សៀងហេង បានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លាពីថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលក្រុងបាវិតនាថ្ងៃនេះ បានកើតឡើងចេញពីការរួមសាមគ្គីភាពគ្នា គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

លោកបានបន្តថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។

លោកបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និង ជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រទៀតផង។

ជាមួយគ្នានេះលោកអភិបាលក្រុងបាវិតបានផ្តាំផ្ញើរដល់ប្រជាពុទ្ធបរិស័ទសូមរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និង ចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារនិងសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញ(ដូសទី៣ ទី៤ទី៥ឲ្យបានគ្រប់ៗគ្នា ដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង ៤វត្ត ក្នុងថ្ងៃនេះ ក្នុង១វត្តទទួលបាន ទៀនធំ ១គូរ និងគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យ៦០មុឺនរៀលផងដែរ ៕ ដោយ ៖ នុត នាង

ads banner