Cambodia2050 Ep40: លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦

សំណួរទី១៖ នៅថ្ងៃទី២២ និងទី២៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ឬហៅថា ASEAN Defense Minister’s Meeting (ADMM) នៅរាជធានីភ្នំពេញ។ ជាដំបូង តើលោកបណ្ឌិតអាចរៀបរាប់អំពីរបៀបវារៈដែលត្រូវបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះបានទេ? ហើយកិច្ចប្រជុំនេះផ្តល់នូវលទ្ធផលផ្លែផ្កាអ្វីខ្លះ ក្នុងការរួមចំណែកដល់ស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ានយើងពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ?

មុននឹងយើងចូលទៅឆ្លើយនឹងសំណួរនេះខ្ញុំសូមរំឭកឡើងវិញបន្តិចអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធទៅនឹងកម្ពុជាហើយនិងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ នៅ២០២២នេះ គឺជាឆ្នាំពិសេសសម្រាប់កម្ពុជា ដោយហេតុថា យើងកំពុងតែធ្វើជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of Southeast Asian Nations) ឬក៏​យើងហៅកាត់ថាអាស៊ានហ្នឹង។ ការធ្វើជាប្រធានអាស៊ាននេះគឺគេធ្វើឡើងប្ដូរវេនគ្នារវាងរដ្ឋជាសមាជិកទាំង១០ និយាយឱ្យចំទៅគឺកម្ពុជាត្រូវការរង់ចាំរហូតដល់១០ឆ្នាំក្នុងការធ្វើជាប្រធានរបស់អាស៊ានម្តងៗ ហើយមែនទែនទៅ យើងធ្លាប់ធ្វើជាប្រធានអាស៊ាន២ឆ្នាំ ម្ដងមកហើយគឺកាលពីឆ្នាំ២០០២ និងឆ្នាំ២០១២ ហើយឆ្នាំ២០២២នេះ គឺកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី៣ ហើយការធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននេះ វាមានន័យថាកម្ពុជានឹងដើរតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗ ឬក៏សំខាន់ៗនៅក្នុងក្របខ័ណ្ឌអាស៊ាន។ និយាយឱ្យចំទៅគឺកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នេះផងដែរ គឺជាកិច្ចប្រជុំសំខាន់មួយស្ថិតនៅក្នុងក្របខ័ណ្ឌរបស់អាស៊ានដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។

អ៊ីចឹងបើយើងវិលមកមើលអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នេះវិញយើងឃើញថា កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយផ្លែផ្កាប្រកបដោយបរិយាកាស គេហៅថាជោគជ័យ ហើយនិងទទួលបាននូវសមិទ្ធផលធំៗជាច្រើន។ បើយើងមើលអំពីរបៀបវារៈដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះវិញ ខ្ញុំឃើញថាបញ្ហាសំខាន់ធំៗមួយចំនួនត្រូវបានលើកឡើងយកមកពិភាក្សាគ្នា។ តួយ៉ាងដូចជា ទី(១) បញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ជាពិសេសនោះគឺពាក់ព័ន្ធជាមួយនឹងការប្រកួតប្រជែងរវាងមហាអំណាចជាដើម ពីព្រោះបញ្ហានេះជាបញ្ហាក្តៅ ដែលចាំបាច់ត្រូវលើកយកមកជជែកពិភាក្សាគ្នា។

លើសពីនេះយើងក៏មានការជជែកគ្នាទៅលើបញ្ហាមួយចំនួនទាក់ទងនឹងសន្តិសុខបែបប្រពៃណី ហើយនិងសន្តិសុខមិនមែនប្រពៃណី។ ឧទាហរណ៍៖ ដូចជាជំងឺរាតត្បាតសកល ឬក៏បម្រែបម្រួលអាកាសធាតុអីហ្នឹងជាដើម។ លើសពីនេះយើងមិនអាចទេគឺបញ្ហាជំងឺកូវីដ-១៩ ផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើវិស័យសេដ្ឋកិច្ចនិងសង្គម ជាពិសេសគឺយើងពិភាក្សាគ្នាអំពី ការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ អ៊ីចឹងទេនេះគឺជារបៀបវារៈសំខាន់ៗ ដែលខ្ញុំសង្កេតឃើញ រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០និងបានលើកយកមកជជែកគ្នានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២-២៣ ខែមិថុនាកន្លងទៅ។

បើយើងនិយាយអំពីផ្លែផ្កាវិញ ខ្ញុំសង្កេតឃើញថា លទ្ធផលនៃកិច្ចប្រជុំនេះបញ្ចប់ទៅដោយជោគជ័យ ហើយជាពិសេសគឺឯកសារសំខាន់ៗមួយចំនួនត្រូវបានអនុម័ត នៅក្នុងនោះមានដូចជា (១) ឯកសារទស្សនទានស្តីអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពរបស់បណ្ដាប្រទេសអាស៊ាននៅក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ឬឯកសារសំខាន់មួយទៀតនោះគឺ (២) ឯកសារទស្សនទានស្តីពីការលើកកម្ពស់យន្តការគាំទ្រស្ត្រីរក្សាសន្តិភាពរបស់អាស៊ាន ហើយ (៣) ឯកសារទស្សនទានស្តីអំពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន ហើយចុងក្រោយសំខាន់មួយទៀតនោះគឺ (៤) ឯកសារទាក់ទងទៅនឹងតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩។ អ៊ីចឹងទេឯកសារទស្សនទាននេះ វាជាសមិទ្ធផលសំខាន់ ដែលរំលេចចេញក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាយើងតែម្តង។ 

សំណួរទី២៖ នៅក្នុងឆ្នាំ២០២២នេះ យើងឃើញថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានមានភាពសកម្មក្នុងការរត់រកដំណោះស្រាយនៃបញ្ហាប្រឈមក្នុងតំបន់ និងបញ្ហាប្រឈមសកលដែលអាចជះឥទ្ធិពលជាអវិជ្ជមានមកដល់តំបន់អាស៊ានយើង។ ដូច្នេះតើលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនេះផ្តល់ជាជំនួយ ឬដំណោះស្រាយអ្វីខ្លះសម្រាប់កម្ពុជាដែលជាប្រធានអាស៊ាន នៅឆ្នាំនេះ ជាពិសេសទៅលើវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា?

បាទដូចខ្ញុំរំឭកបន្តិចពីខាងដើមអ៊ីចឹងគឺថា ការធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននេះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជាក្នុងនាមជាប្រធាន និងជាពិសេសសម្រាប់ពលរដ្ឋជាសមាជិកអាស៊ានទាំងអស់នៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ ហើយជាពិសេសនោះគឺការចូលរួមចំណែក ក្នុងការកសាងសហគមន៍អាស៊ានតែម្តង។

មែនទែន បើយើងមើលលម្អិតទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកទី១៦របស់អាស៊ាននេះយើងឃើញថា វាបានចូលរួមចំណែកច្រើនដល់រដ្ឋទាំងអស់របស់អាស៊ាន បូករួមទាំងកម្ពុជាដែលជាប្រធានផងដែរគឺរួមចំណែកក្នុងការដោះស្រាយនូវបញ្ហាអវិជ្ជមានផលប៉ះពាល់អវិជ្ជមាន ដែលបង្កើតឡើងដោយមួយពីជំងឺកូវីដ-១៩ ហើយជាពិសេសនោះគឺយើងចូលរួមចំណែកទៅដល់ការសិក្សាអំពីការស្ដារឡើងវិញនូវប្រព័ន្ធសេដ្ឋកិច្ចប្រព័ន្ធសង្គមដែលរងផលប៉ះពាល់ក៏ដោយបញ្ហាជំងឺកូវីដ-១៩ លើសពីនេះបញ្ហាក្តៅមួយចំនួនក៏បាន ដោយកិច្ចប្រជុំនេះក៏បានចូលរួមផ្តល់ជាធាតុចូលក៏ដូចជាដំណោះស្រាយទៅដល់បញ្ហាក្តៅមួយចំនួនផងដែរ ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូង ហើយនិងបញ្ហាវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាស្រាប់តែម្ដង។

ខ្ញុំសុំរំលេចបន្តិចៗទៅអំពីបញ្ហាមួយចំនួនទាក់ទងទៅហ្នឹង ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូង។ យើងឃើញហើយថាបញ្ហាសមុទ្រចិនខាងត្បូងនេះគឺជាបញ្ហាដែលមិនមែនបញ្ហាថ្មីទេ គឺបញ្ហាដែលអាស៊ានជួបប្រទះយូរមកហើយ។ អ៊ីចឹងទេកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងឆ្នាំនេះគឺធ្វើយ៉ាងណាជំរុញឱ្យបាននូវការអនុម័តនៅ «ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង» ឬ (Code of Conduct for the South China Sea) ដែលវាជាឯកសារមួយសំខាន់សម្រាប់ធ្វើយ៉ាងណាឱ្យតំបន់មានស្ថិរភាព ហើយនិងសន្តិសុខ ពីព្រោះតំបន់សមុទ្រចិនខាងត្បូងនេះ បើសិនជាដោះស្រាយមិនល្អទេវាអាចបណ្ដាលឱ្យចេញជាវិបត្តិធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលដល់ការកសាងសន្តិភាពនិងសន្តិសុខរបស់តំបន់ ហើយប្រសិនជាតំបន់មិនអាចមានសន្តិភាពហើយមិនអាចកសាងសន្តិសុខទេនោះ ការអភិវឌ្ឍន៍នាៗ ការរីកចម្រើននៃសេដ្ឋកិច្ចសង្គមជាដើម គឺមិនអាចប្រព្រឹត្តទៅបានទេ។

អ៊ីចឹងទេ រឿងបញ្ហាសមុទ្រចិនខាងត្បូងនេះគឺជាបញ្ហាសំខាន់ណាស់ដែលកម្ពុជាក្នុងនាមជាប្រធានធ្វើយ៉ាងម៉េចត្រូវតែជំរុញឱ្យមានការមានដំណោះស្រាយមួយដ៏ល្អសម្រាប់បញ្ហានេះ។ បញ្ហាក្តៅមួយទៀត ខ្ញុំជឿថាយើងបានដឹងហើយគឺបញ្ហា វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែជាប្រធានបទមួយក្តៅសម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់ ក៏ដូចជាសម្រាប់កម្ពុជាដែលធ្វើជាប្រធានប្តូរវេននៅក្នុងឆ្នាំនេះ មែនទែនកម្ពុជាតាំងពីយើងទទួលនូវតួនាទីជាប្រធានអាស៊ានមកគឺយើងបានចូលរួមចំណែកខ្លាំងណាស់នៅក្នុងការជួយធ្វើយ៉ាងម៉េចឱ្យប្រទេសមីយ៉ាន់ម៉ាត្រឡប់មករកប្រក្រតីភាពវិញ។ ខ្ញុំសូមបញ្ជាក់បន្តិចថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទាំងឡាយដែលខំប្រឹងជួយធ្វើយ៉ាងម៉េចឱ្យមីយ៉ាន់ម៉ាត្រឡប់មកប្រក្រតីភាពវិញនេះ គឺវាផ្តើមឡើងចេញពីឆន្ទៈនិងទឹកចិត្តរបស់កម្ពុជាតែម្តងដោយហេតុថាបើយើងនិយាយពីផលប្រយោជន៍ ទាំងផលប្រយោជន៍នយោបាយ ទាំងផលប្រយោជន៍សេដ្ឋកិច្ចជាដើម កម្ពុជាមិនសូវមានទម្ងន់ផលប្រយោជន៍ខ្លាំងទេជាមួយប្រទេសមីយ៉ានម៉ា។

មែនទែនទៅការដើរកម្ពុជាខិតខំជួយមីយ៉ាន់ម៉ានេះគឺកើតចេញដោយពីទឹកចិត្តធ្វើយ៉ាងណាប្រទេសមីយ៉ាន់ម៉ាមានប្រក្រតីភាព មានស្ថិរភាពនយោបាយ ដែលស្ថិរភាពនយោបាយនៅមីយ៉ាន់ម៉ាក៏ដូចជាធ្វើឱ្យមីយ៉ាន់ម៉ាមានប្រក្រតីភាពនេះ វានឹងចូលរួមចំណែកជំរុញឱ្យមានសេរីភាពក្នុងតំបន់ហើយនិងការកសាងសន្តិភាពនៅក្នុងតំបន់ ដែលនេះគឺជាគោលដៅស្នូលដែលកម្ពុជាចង់ជំរុញដោយហេតុថាយើងជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ចង់ មិនចង់គឺត្រូវតែជំរុញសសរស្តម្ភរួមរបស់អាស៊ាន ក្នុងការធ្វើយ៉ាងណាឱ្យតំបន់មានសេរីភាពនិងសន្តិភាព។ អ៊ីចឹងទេ បញ្ហាក្ដៅៗមួយចំនួននេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកទី១៦នេះ យើងបានទទួលបាននូវធាតុចូលហើយនិងទទួលបាននូវសមិទ្ធផលជាច្រើន តួយ៉ាងដូចជាឯកសារទស្សនទានដែលខ្ញុំបានឡើងមួយចំនួននៅខាងលើហ្នឹង ដែលវានឹងចូលរួមចំណែកធំធេងក្នុងការដោះស្រាយលើបញ្ហាក្តៅទាំងអស់នេះ។

សំណួរទី៣៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នេះផងដែរ យើងក៏ឃើញមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលចូលរួមនៅក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការពារជាតិនៃសមាជិកអាស៊ានដទៃទៀតផងដែរ តើការចូលរួមនេះមានសារៈសំខាន់អ្វីខ្លះដែរ ក្នុងការនាំទៅដល់ការរកឃើញនូវដំណោះស្រាយទៅលើវិបត្តិមួយចំនួននៃប្រទេសមីយ៉ាន់ម៉ាផងដែរ

ខ្ញុំសង្កេតឃើញថា ការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នេះ វាជាសញ្ញាវិជ្ជមានមួយសម្រាប់តំបន់ ដោយហេតុថា វាជាការបង្ហាញនូវឆន្ទៈមួយរបស់មីយ៉ាន់ម៉ាក្នុងការចូលរួមនៅក្នុងក្របខ័ណ្ឌអាស៊ាន ពីព្រោះថាអាស៊ានខ្លាំងនៅពេលដែលអាស៊ានមានគ្រប់ការចូលរួមទាំងអស់របស់សមាជិកទាំង១០។ អ៊ីចឹងទេ វត្តមានរបស់មីយ៉ាន់ម៉ាវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្របខ័ណ្ឌអាស៊ានទាំងមូលតែម្ដង។

ហើយម្យ៉ាងវិញទៀតវាអាចជាសញ្ញាមួយល្អសម្រាប់មីយ៉ាន់ម៉ាផ្ទាល់ក៏ដូចជាសម្រាប់កម្ពុជានិងរដ្ឋសមាជិកទាំងអស់ទៀតក្នុងការជំរុញការអនុវត្តន៍នូវ«ការព្រមព្រៀងជាឯកឆន្ទ៥ចំណុច» ដែលជាឯកសារស្នូលមួយ អនុម័តឡើងដោយថ្នាក់ដឹកនាំអាស៊ានទាំង១០ក្នុងនោះមានមីយ៉ាន់ម៉ាផងដែរ ដែលបានអនុម័តនៅលើឯកសារនេះ កាលពីកិច្ចប្រជុំនៅហ្សាការតា (Jakarta) កាលពីខែមេសាឆ្នាំ២០២១កន្លងទៅ។ អ៊ីចឹងទេ ឯកសារការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ វាមានសារៈសំខាន់ក្នុងការកំណត់ទិសដៅឱ្យមីយ៉ាន់ម៉ាត្រឡប់មករកប្រក្រតីភាពវិញ។

អ៊ីចឹងទេការចូលរួមមកក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ានេះ វាអាចជាសញ្ញាមួយថាបើកផ្លូវក្នុងការជំរុញវឌ្ឍនភាពនៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ។ ហើយម្យ៉ាងទៀតដូចខ្ញុំបញ្ជាក់បន្តិចពីខាងដើមអ៊ីចឹងគឺថាកម្ពុជា ឬក៏សមាជិកអាស៊ានទាំងអស់ មានគោលដៅមួយចង់ពង្រឹងនូវមជ្ឈភាពរបស់អាស៊ានតាមរយៈការបង្កើននូវការចូលរួមចំណែកទាំងអស់របស់សមាជិកទាំង១០។ អ៊ីចឹងទេ វត្តមានរបស់មីយ៉ាន់ម៉ានេះគឺវានឹងបំពេញនូវគោលដៅសំខាន់មួយនេះរបស់អាស៊ាន ដែលមានកម្ពុជាធ្វើជាអាស៊ានប្តូរវេននៅក្នុងឆ្នាំនេះ។ អ៊ីចឹងសរុបសេចក្ដីទៅ ខ្ញុំឃើញថាវាជាសញ្ញាមួយវិជ្ជមាន ដែលមីយ៉ាន់ម៉ាបានចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកនេះ។ 

សំណួរទី៤៖ ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានលើកទី១៩នេះយើងក៏ឃើញមានកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិននិងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ដែលបានធ្វើឡើងនៅក្នុងពេលទន្ទឹមគ្នាជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ​ផងដែរ។ តើកិច្ចប្រជុំទាំងពីរនេះ បានបន្ថែមនូវខ្លឹមសារអ្វីខ្លះលើលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នេះ? 

ខ្ញុំសូមបញ្ជាក់បន្តិចដែរថា ចិន ជប៉ុន ហើយនិងប្រទេសធំៗមួយចំនួនទៀតដូចជាសាធារណរដ្ឋកូរ៉េ ឬក៏សហរដ្ឋអាមេរិក សុទ្ធសឹងតែជាដៃគូសំខាន់ៗរបស់អាស៊ាន ហើយកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន និងកិច្ចប្រជុំក្រៅផ្លូវការរបស់មន្ត្រីការពារជាតិអាស៊ាន-ជប៉ុននេះ។ វាគឺជាកិច្ចប្រជុំមួយសំខាន់ណាស់ រវាងរដ្ឋជាសមាជិកអាស៊ានហើយនិងប្រទេសដែលជាដៃគូ ដែលមានទំហំចូលរួមចំណែកការអភិវឌ្ឍន៍ធំទៅដល់បណ្ដាប្រទេសរដ្ឋជាសមាជិកអាស៊ាន ហើយនិងមកដល់ក្របខ័ណ្ឌអាស៊ានតែម្តង។

បើយើងនិយាយអំពីការចូលរួមចំណែកវិញ ខ្ញុំអាចសង្កេតឃើញថា បញ្ហាក្ដៅធំៗដូចជាបញ្ហាដែលយើងនិយាយគ្នាពីដើមខ្លះហ្នឹង មានបញ្ហាសមុទ្រចិនខាងត្បូង ហើយនិងបញ្ហានៅប្រទេសមីយ៉ាន់ម៉ាហ្នឹង គឺសុទ្ធសឹងតែទទួលបាននូវធាតុចូលពីកិច្ចប្រជុំក្រៅផ្លូវការទាំងនេះ។ ខ្ញុំសូមលើកចំណុចខ្លះៗ ឧទាហរណ៍៖ ដូចនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងអញ្ចឹង ខ្ញុំឃើញថាកិច្ចប្រជុំទាំងពីរនេះ ទាំងអាស៊ានទាំងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនទាំងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន សុទ្ធតែជំរុញធ្វើយ៉ាងណាឱ្យមានការអនុវត្តដ៏ត្រឹមត្រូវនូវ «ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង» ឬ (Code of Conduct for the South China Sea) ពីព្រោះថាដូចដែលខ្ញុំបញ្ជាក់អ៊ីចឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ វាមានបញ្ហាពាក់ព័ន្ធច្រើនហើយបញ្ហានេះវាស្មុគស្មាញ ដែលទាមទារឱ្យមានការចូលរួមចំណែកពីបណ្ដារដ្ឋពាក់ព័ន្ធនានានៅក្នុងតំបន់អាស៊ានក៏ដូចជាមហាអំណាចមួយចំនួនដែរ។

ជាពិសេសគឺចិនតែម្ដង គឺមិនអាចចោលបានទេតួនាទីសំខាន់របស់ចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយហេតុថាចិន យើងអាចនិយាយបានហើយថាគឺជាមហាអំណាចមួយនៅក្នុងតំបន់ថាចិន ហើយជាប្រទេសមួយដែលចូលរួមចំណែកធំធេងទៅដល់ការអភិវឌ្ឍន៍របស់អាស៊ានទាំងមូលតែម្ដង។ ទៅលើបញ្ហាមីយ៉ាន់ម៉ាវិញយើងឃើញថាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន គឺគាំទ្រពេញលេញទៅដល់ការអនុវត្តនូវការព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ពីព្រោះថាឯកសារនេះ វាជាឯកសារមួយស្នូរ ដែលអាចថាជាឯកសារមួយតម្រង់ទិសធ្វើយ៉ាងណា ឱ្យមីយ៉ាន់ម៉ាមានផែនទីមួយសម្រាប់ដើរក្នុងការត្រឡប់ទៅរកប្រក្រតីភាពវិញ។

ហើយម្យ៉ាងទៀត ឯកសារកិច្ចព្រមព្រៀងនេះ វាត្រូវគឺមានការរួមចំណែកអំពីភាគីមីយ៉ាន់ម៉ាតែម្តង ហើយជាពិសេសគឺឆន្ទៈផ្ទាល់របស់មីយ៉ាន់ម៉ាដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋជាសមាជិករបស់អាស៊ានទាំងអស់អាចចូលរួមចំណែកសម្រាប់ជួយមីយ៉ាន់ម៉ាបាន ប៉ុន្តែយ៉ាងណាមិញ យើងឃើញថារដ្ឋជាសមាជិករបស់អាស៊ានជាពិសេសមហាអំណាចនៅក្នុងតំបន់តែម្តងគឺគាំទ្រពេញលេញទៅលើឯកសារមួយនេះ ឬក៏ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ពីព្រោះ អាស៊ាន ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា អាស៊ាន១០គឺខ្លាំង ហើយអាស៊ាន១០គឺជាគោលការណ៍មួយដែលអាចជំរុញឱ្យតំបន់បង្កើននូវការអភិវឌ្ឍន៍ ហើយនិងការកសាងសហគមន៍អាស៊ានទាំងមូល។ 

សំណួរទី៥៖ ជាចុងក្រោយយើងឃើញថានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានលើទី១៦នេះបានដាក់អនុម័តនូវឯកសារសំខាន់ៗចំនួន៤គឺទី (១) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន  (២) ការលើកកម្ពស់យន្តការ គាំទ្រស្ត្រីរក្សាសន្តិភាពអាស៊ាន (៣) ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នអប់រំយោធាអាស៊ាន និង (៤) ឯកសារចក្ខុវិស័យស្តីពីតួនាទីស្ថាប័នការពារជាតិអាស៊ានក្នុងការគាំទ្រការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។ បើតាមការយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ ថាតើឯកសារទាំងនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះចំពោះការចូលរួមចំណែកដល់សន្តិសុខ ស្ថិរភាព សន្ដិភាព និងវិបុលភាពនៃតំបន់ទាំងមូល? 

ដូចដែលយើងជជែកគ្នាច្រើនហើយទាក់ទងទៅលើសសរស្ដម្ភសន្តិសុខ សន្តិភាព ហើយនិងវិបុលភាពនៅក្នុងតំបន់ហ្នឹងគឺជាគោលការណ៍ស្នូល ឬជាគោលដៅស្នូលរបស់អាស៊ានតែម្តង។ អ៊ីចឹងទេ ការអនុម័តនូវឯកសារទស្សនទានសំខាន់ៗទាំងប៉ុន្មានដែលយើងរៀបរាប់អម្បាញ់មិញនេះ វាសុទ្ធសឹងតែជាឯកសារស្នូលនាំចូលរួមចំណែកធ្វើយ៉ាងណាដើម្បីបំពេញនូវចក្ខុវិស័យរបស់អាស៊ានក្នុងការសម្រេចបាននូវសហគមន៍មួយដែលមាន ស្ថិរភាពនយោបាយ ហើយនិងសន្តិសុខ។ បើយើងចូលទៅមើលឯកសារសំខាន់ៗនីមួយៗ

(១)៖ បើយើងនិយាយអំពីឯកសារទស្សនទានទាក់ទងទៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពនៅក្នុងបណ្ដាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែននោះ យើងឃើញថា មែនទែនទៅ ពិភពលោកកាន់តែប្រទាក់ក្រឡាគ្នា រដ្ឋនីមួយៗសុទ្ធសឹងតែមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ដោយជំងឺកូវីដ-១៩នេះ គឺជាឧទាហរណ៍មួយសម្រាប់បញ្ជាក់ថាមិនអាចមានប្រទេសមួយណាអាចយកឈ្នះជំងឺរាតត្បាតសកលនេះដោយឯកឯង ដោយគ្មានការចូលរួមចំណែកពីបណ្ដាប្រទេសផ្សេងៗបាននោះទេ និយាយឱ្យចំទៅ «ប្រព័ន្ធពហុភាគីនិយម» ឬ (Multilateral System) វាមានសារៈសំខាន់នៅក្នុងការចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម ហើយមែនទែនទៅ «តួនាទីរបស់យោធា» គឺមិនអាចកាត់ផ្តាច់បានដែរ ពីការដោះស្រាយបញ្ហាជំងឺនេះ ដោយសារតែយើងដឹងហើយ យោធាគឺជាផ្នែកមួយដ៏សំខាន់របស់ស្ថាប័នជាតិនៅក្នុងការចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនានារបស់ប្រទេស។ អ៊ីចឹងទេ ការអនុម័តបាននូវឯកសារទស្សនទាននេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហារាតត្បាត ជំងឺរាតត្បាតសកលដែលយើងកំពុងតែជួបប្រទះនេះផង មិនចូលរួមចំណែកដោះស្រាយជំងឺរាតត្បាតសកលដែលយើងនឹងជួបប្រទះនៅពេលអនាគតផង។

(២)៖ បើយើងនិយាយអំពីឯកសារទស្សនទានទាក់ទងទៅនឹងការគាំទ្រតួនាទីរបស់ស្ត្រីរបស់សន្តិភាពរបស់អាស៊ានវិញ ខ្ញុំគិតថានេះជាឯកសារមួយសំខាន់ដែលកិច្ចប្រជុំនេះបានអនុម័ត ដោយសារតែយើងឃើញថាតួនាទីរបស់ស្ត្រី ជារឿយៗត្រូវបានគេបំភ្លេចចោល ជាពិសេសនៅក្នុងការកសាងសន្តិភាព និងសន្តិសុខនេះតែម្ដង។ អ៊ីចឹងឯកសារទស្សនទានដែលអនុម័តនៅពេលនេះ វាជាឯកសារមួយដែលលើកកម្ពស់តួនាទីរបស់ស្ត្រី ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ពីព្រោះថាស្ត្រីពេលខ្លះ បានចូលរួមចំណែកច្រើននៅក្នុងការកសាងសន្តិភាពរួចទៅហើយ ក៏ប៉ុន្តែយើងមិនសូវបានរំលេចច្រើនទេនៅក្នុងឯកសារផ្លូវការមួយចំនួន។ បើយើងនិយាយ

(៣)៖ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការស្ថាប័នអប់រំយោធាវិញ វាមិនសូវខុសគ្នាប៉ុន្មានទេពីឯកសារទស្សនទានដែលយើងនិយាយទី១ ពីព្រោះថាការអប់រំ ហើយនិងការផ្លាស់ប្តូរទំនាក់ទំនងគ្នាទៅវិញទៅមកវាជាយន្តការមួយសំខាន់របស់អាស៊ានក្នុងការធ្វើយ៉ាងណាឱ្យមានការចែករំលែកទៅវិញទៅមកនូវចំណេះដឹង ក៏ដូចជាបច្ចេកទេសដែលរដ្ឋទាំងអស់អាចរៀនសូត្រពីគ្នាបាននៅក្នុងតំបន់ ពីព្រោះគោលដៅរួមរបស់អាស៊ានគឺដូចគ្នាទេ គឺធ្វើយ៉ាងណាជំរុញឱ្យតំបន់មានការអភិវឌ្ឍន៍រួម មានការកសាងរួម ជាពិសេសនោះគឺមានសុខដុមរមនារួមតែម្ដង អ៊ីចឹងទេ ការចែករំលែកគឺជាកត្តាមួយដែលសំខាន់ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ។

(៤)៖ ឯកសារទី៤ដែលយើងបានលើកឡើងនោះ គឺទាក់ទងទៅនឹងតួនាទីស្ថាប័នការពារជាតិអាស៊ាននិងការគាំទ្រការស្ថារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ មែនទែនទៅ ពិភពលោករងការប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ហើយផលប៉ះពាល់អវិជ្ជមានមួយចំនួនគឺយើងមិនដែលឃើញទេពីមុនមក អ៊ីចឹងទេ វាទាមទារឱ្យមានការចូលរួមខ្លាំង ជាពិសេសនោះគឺច្រើនភាគីមែនទែន ដើម្បីធ្វើយ៉ាងណាឱ្យពិភពលោកដែលយើងធ្លាប់រស់នៅហ្នឹងត្រឡប់ទៅរកប្រក្រតីភាពវិញ។

អញ្ចឹងឯកសារមួយនេះក៏ចូលរួមចំណែកសំខាន់ផងដែរដែលធ្វើយ៉ាងណាឱ្យប្រទេសអាស៊ានជាពិសេសតែម្តងគឺមានផែនទី១ ដើម្បីដើរតាមធ្វើយ៉ាងណាសង្គមមួយដែលយើងធ្លាប់រស់នៅ ជាពិសេសនៅក្នុងបរិបទអាស៊ាននេះតែម្តង ត្រឡប់ទៅរកប្រក្រតីភាពវិញ ឬមួយក៏ល្អប្រសើរជាងមុនពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩នេះទៀត។ អ៊ីចឹងការស្តារឡើងវិញនេះ វាគឺជារឿងមួយដែលទាមទារឱ្យមានការរួមចំណែកផង និងទាមទារពេលវេលាផងដើម្បីសម្រេចបាន។ អ៊ីចឹងទេជារួមខ្ញុំអាចយើងអាចសង្កេតឃើញថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ផង និងក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះផង បានធ្វើការងារច្រើនខ្លាំងមែនទែនដើម្បីធ្វើយ៉ាងណាទេ សហគមន៍អាស៊ានមួយនេះសម្រេចបាន ហើយជាពិសេសគឺធ្វើយ៉ាងណាចូលរួមចំណែកទៅតាមតួនាទីរបស់កម្ពុជាងហ្នឹង ធ្វើយ៉ាងណាឱ្យសម្រេចបាននូវសសរស្តម្ភរួមរបស់អាស៊ានក្នុងការសម្រេចឱ្យបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់៕

************

វាគ្មិនកិត្តិយស៖ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត (MCSS) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ជុំ ច័ន្ទវត្តី

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner