លោកជំទាវ ស្រួយ សុជាតិ និងអគ្គលេខាធិការរងអាស៊ានបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Ekkaphab Phanthavong អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍ សង្គម-វប្បធម៌អាស៊ាន បានចូលរួមជាអធិបតីក្នុងពិធីបើក កម្មវិធី Virtual Pre-departure Program នៃកម្មវិធី កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមប្រធានបទ “យុវជននៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៖ កាលានុវត្តភាព និងការប្រឈមនៅក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតសាកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ រៀបចំឡើងក្នុងគោលបំណង៖
១. ផ្តល់វេទិកាជូនយុវជនដើម្បីចូលរួមដោះស្រាយបញ្ហា ប្រឈមក្នុងតំបន់
២. លើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត
៣. លើកកម្ពស់ការយល់ដឹងរបស់យុវជនស្តីពីបដិវត្តន៍ ឧស្សាហកម្ម៤.០ ជាពិសេស ផ្តល់ឱកាសដល់យុវជនបានផ្លាស់ប្តូរទស្សនៈជាមួយបណ្តារដ្ឋមន្ត្រីយុវជនអាស៊ាន និងមន្ត្រីតំណាងជាន់ខ្ពស់នានា។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកជំទាវ ស្រូយ សុជាតិ មានការចាប់អារម្មណ៍ខ្ពស់ទៅលើយុវជនជាអនាគតនៃអ្នកដឹកនាំ និងបានចាត់ទុកថា “តួនាទីយុវជន ពិតជាមានសារៈសំខាន់សម្រាប់អនាគតរបស់អាស៊ានទាំងមូល”។ ជាមួយគ្នានោះដែរ ឯកឧត្តម Ekkaphab Phanthavong បានកោតសរសើរខ្ពស់ចំពោះភាគីកម្ពុជាដែលបានធ្វើការរៀបចំកម្មវិធីនេះ និងមានក្ដីសង្ឃឹមថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងផ្ដល់ប្រយោជន៍ដល់យុវជនអាស៊ាន និងយុវជននៃសាធារណរដ្ឋកូរ៉េ ដែលនឹងក្លាយជាអ្នកដឹកនាំនៅពេលអនាគត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner