ចិនថ្កោលទោសរដ្ឋបាលលោក ចូ បៃដិន បន្ទាប់ពីសហរដ្ឋអាមេរិកអនុម័តការលក់អាវុធតម្លៃ ១០៨លានដុល្លារដល់តៃវ៉ាន់

ប៉េកាំង៖ ក្រសួងការបរទេស និងការពារជាតិចិន បានចេញសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយបានថ្កោលទោសរដ្ឋបាលលោក ចូ បៃដិន ជុំវិញការយល់ព្រមលក់អាវុធថ្មីរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះមានតម្លៃ ១០៨លានដុល្លារ ហើយរួមបញ្ចូលទាំងផ្នែករថពាសដែក និងជំនួយបច្ចេកទេស។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក តាន់ កេហ្វៃ ថ្លែងថា ទីក្រុងប៉េកាំងទាមទារឱ្យសហរដ្ឋអាមេរិកដកជាបន្ទាន់ នូវផែនការលក់អាវុធដែលបានរៀបរាប់ខាងលើឱ្យតៃវ៉ាន់ និងបញ្ឈប់កិច្ចព្រមព្រៀងសព្វាវុធផ្សេងទៀត ក៏ដូចជាកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកោះនេះ។

បើមិនដូច្នេះទេ ភាគីអាមេរិកនឹងទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើឱ្យខូចទំនាក់ទំនងរវាងចិន-អាមេរិក និងយោធាប្រទេសទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បានបញ្ជាក់ថា ការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិកដល់តៃវ៉ាន់ នឹងធ្វើប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ លោកថាចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព ក៏ដូចជាផលប្រយោជន៍សន្តិសុខរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ទីរបញ្ចកោណបានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធដ៏មានសក្តានុពល សម្រាប់ជំនួយបច្ចេកទេសយោធាទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃ ១០៨លានដុល្លារ។ បើតាមមន្ទីរបញ្ចកោណ ជំនួយចុងក្រោយបំផុតដែលតៃវ៉ាន់បានស្នើរសុំនោះ រួមមានទាំងគ្រឿងបន្លាស់ និងការជួសជុលសម្រាប់រថក្រោះ និងយានជំនិះប្រយុទ្ធ ព្រមទាំងជំនួយផ្នែកបច្ចេកទេស ក៏ដូចជាដឹកជញ្ជូនរបស់រដ្ឋាភិបាលអាមេរិក៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner